សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលការសុំទោសរបស់លោក ជា ប៉ូច ក្រោយប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលការសុំទោសរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រកាសផ្តាច់ខ្លួនពី សម រង្ស៊ី។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់»។
ទន្ទឹមការប្រកាសអនុគ្រោះឱ្យលោក ជា ប៉ូច, សម្តេចតេជោ ក៏បានប្រកាសនឹងទទួលយករាល់ការសុំទោសពីមនុស្សផ្សេងទៀត ដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់។
សម្តេចតេជោ បន្ថែមថា នឹងមិនអត់ឱនឲ្យជនណា ឬក្រុមណាក៏ដោយដែលបន្តដើរតាមជនក្បត់ជាតិជាដាច់ខាត។
«យើងនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់មកលើគណបក្ស ឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។ យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណា ឬក្រុមណាក៏ដោយមិនថាខ្មែរ ឬបរទេសដែលចង់ដុតផ្ទះយើង ដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ»។ នេះជាការប្រកាសរបស់សម្តេចតេជោ។
សូមបញ្ជាក់ថា ពីប្រទេសអូស្ត្រាលី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ លោក ជា ប៉ូច បានធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាថ្មីម្តងទៀត ហើយប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្សី និងគណបក្សប្រឆាំងផងដែរ។
តាមរយៈលិខិតមួយស្នើទៅកាន់សម្តេចតេជោ ហ។ុន សែន, លោក ជា ប៉ូច បានលើកឡើងថា៖ ខ្ញុំបាទ ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត ពិតជាមានការសោកស្តាយ ដែលបានធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់ សម្តេចតេជោ។ ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ។
លោក ជា ប៉ូច បានបន្តថា៖ «នៅក្នុងន័យនេះដែរ ខ្ញុំបាទសូមជម្រាបជូន សម្តេចតេជោ ឲ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្ត ផ្តាច់ខ្លួនពីលោក សម រង្សី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្សភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំង ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ការមួលបង្កាច់ ការជេរប្រមាទ ការលាបពណ៌ ការបំបែកបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន»។
លោកបានគោរពស្នើសុំ សម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការ លើកលែងការចោទប្រកាន់ ដល់រូបលោក ចំពោះទង្វើដែលដែលលោក បានប្រព្រឹត្តខុសក្នុងរយៈពេល កន្លងទៅ និងសូមផ្តល់ឱកាសឲ្យរូបលោក បានធ្វើជាប្រជាពលរដ្ឋល្អ រស់នៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោផងដែរ។
សូមបញ្ជាក់ថា នាពេលកន្លងទៅ មានការបែកធ្លាយសំឡេង លោក ជា ប៉ូច ដែលបានបង្ហាញពូប្តេជ្ញាចិត្តផ្តួលរំលំ សម្តេចតេជោ ហ៊ុន សែន។
ពាក់ព័ន្ធនឹងករណីនេះ កាលពីខែឧសភា ឆ្នាំ២០២៣ លោក ជា ប៉ូច ក៏បានផ្ញើលិខិតដើម្បីសុំទោសសម្ដេចតេជោម្តងរួចទៅហើយ តែត្រូវបានសម្ដេចបដិសេធមិនទទួលយកឡើយ៕
ប្រភព៖ FRESH NEWS