សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ផ្តួចផ្តើមប្រកួតលីគយុវជនដើម្បីសម្រេចបំណងនាំកម្ពុជាឆ្ពោះទៅ World Cup ឆ្នាំ២០៣៨

ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤​ - មតិខ្ញុំ - 0

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្ដួចផ្ដើមឱ្យមានការប្រកួតខេមបូឌានលីគយុវជន U16 និង U19 ដើម្បីចម្រាញ់យកកីឡាករមានទេពកោសល្យ ចូលរួមប្រកួតជើងឯកអាស៊ាន AFF Youth Championship ទាំង U16 និង U19 និងក្នុងគោលដៅនាំក្រុមជម្រើសជាតិកម្ពុជាឆ្ពោះទៅ FIFA World Cup ឆ្នាំ២០៣៨។

លោក កែវ សារ៉េត អគ្គលេការធិការ FFC បានឱ្យដឹងថា FFC បង្កើតព្រឹត្តិការណ៍នេះឡើង ក្នុងបំណងឱ្យកីឡាករដែលជាយុវជនមានឱកាសប្រកួតប្រជែងសមត្ថភាព និងដើម្បីឱ្យបណ្ដាក្លឹបបាល់ទាត់និងសហព័ន្ធអាចរកបានកីឡាករណាដែលមានទេពកោសល្យនិងសមត្ថភាព នឹងអាលជ្រើសចូលក្លឹប និងចូលរួមជាមួយក្រុមជម្រើសជាតិបាន។

ទន្ទឹមនឹងនេះ ខេមបូឌានលីគយុវជន ត្រូវបានបង្កើតឡើងដោយផ្តោតលើកត្តា ៣ សំខាន់ៗ ដូចខាងក្រោម៖
១- ដើម្បីឱ្យកីឡាករក្មេងៗមានឱកាសប្រកួតប្រជែង
២- ដើម្បីឱ្យតាមបណ្តាក្លឹប អាចចម្រាញ់យកកីឡាករមានទេពកោសល្យទៅប្រកបអាជីព ឱ្យស្របតាមលក្ខខណ្ឌសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)
៣- ដើម្បីជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិ សម្រាប់ការប្រកួតជើងឯកអាស៊ាន ដែលនឹងធ្វើឡើងនៅឆ្នាំ២០២៤នេះ។

នេះជាការបញ្ជាក់របស់លោកអគ្គលេខាធិការ ស្របពេលដែលការងារទាំងអស់នេះគឺជាផ្លូវឆ្ពោះទៅសម្រេចក្តីស្រមៃ ក្នុងការនាំក្រុមគោព្រៃកម្ពុជាឱ្យទៅបង្ហាញមុខនៅជុំចុងក្រោយនៃ FIFA World Cup ឆ្នាំ២០៣៨។

លោក កែវ សារ៉េត បានសង្កត់ធ្ងន់ថា មូលហេតុដែល FFC សម្រេចរៀបចំការប្រកួត U16 និង U19 ក្នុងពេលតែមួយ ដោយសារស្ថាប័នពិបាកក្នុងការញែកពេលវេលា និងដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់កីឡាករក្មេងៗ ហើយជាពិសេសដើម្បីសន្សំថវិការដែលទទួលបានពី FIFA ផងដែរ។

សូមជម្រាបជូនថា ការប្រកួតប្រជែងនឹងចាប់ផ្ដើមពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តទៅ ដោយមានការចូលរួមពីសមាគម និងក្លឹបបាល់ទាត់ចំនួន១១ សរុបចំនួន២០ក្រុម៕

អត្ថបទទាក់ទង