ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងអនុម័តឯកសារសំខាន់ៗចំនួនបី

ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរនៅក្នុងទ្វីបអាស៊ី។

កិច្ចប្រជុំកំពូលនេះគឺជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពី រដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បី ពិភាក្សាលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាផ្សេងៗទៀតដែលជាផលប្រយោជន៍រួម។ កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសដ៏សំខាន់ក្នុងការ ពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការOIF បញ្ជាក់ជាថ្មីនូវគុណតម្លៃរួមនៃសាមគ្គីភាព ភាពបើកចំហ ការសន្ទនា ភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

ព្រឹត្តិការណ៍អមសំខាន់ៗចំនួនបួនត្រូវបានរៀបចំឡើង ក្នុងអំឡុងពេលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន ភូមិហ្វ្រង់កូហ្វូនី (Francophonie Village) ហ្វ្រង់កូតិច (FrancoTech) ជំនួបសហគ្រិន ហ្វ្រង់កូហ្វូនលើកទី៦ និងវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP)។ ព្រឹត្តិការណ៍អមទាំងនេះ នឹងផ្តល់ឱកាសយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ អប់រំ នវានុវត្តន៍ បណ្តាញទំនាក់ទំនងធុរកិច្ច និង ការកសាងភាពជាដៃគូនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាមួយគ្នានេះ ក៏នឹងមានជំនួបទ្វេភាគីជាច្រើន និងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនផងដែរ។

កិច្ចប្រជុំកំពូលនេះនឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួនបី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនិងអាទិភាពរួមរបស់សហគមន៍ ហ្វ្រង់កូហ្វូនី ដូចជា៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនីស្តីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គម វប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី (២) សេចក្តីសម្រេចស្តីពី ស្ថានភាពវិបត្តិ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី និង (៣) សេចក្តីអំពាវនាវ ទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជារង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូមកពីគ្រប់តំបន់នៃសហគមន៍ ហ្វ្រង់កូហ្វូនី ព្រមទាំងសម្របសម្រួលការសន្ទនាប្រកបដោយស្ថាបនា សំដៅរួមគ្នាបន្តកសាងសន្តិភាព ជំរុញវិបុលភាពរួម និងលើកកម្ពស់ស្ថិរភាពយូរអង្វែង៕

អត្ថបទទាក់ទង