ចាប់ពីឆ្នាំ២០២៤នេះតទៅ ក្រសួងបរិស្ថាននឹងដាក់ចេញនូវយុទ្ធនាការដាំកូនឈើយ៉ាងតិច១លានដើម
នៅក្នុងយុទ្ធនាការ «បៃតងកម្ពុជា» នៃការដាំកូនឈើយ៉ាងតិច១លានដើម ចាប់ពីឆ្នាំ២០២៤ នេះតទៅ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងរៀបចំឱ្យមានការតាំងពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។
នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ បានបណ្តុះកូនឈើគ្រប់ប្រភេទ ត្រៀមចែកដល់ប្រជាពលរដ្ឋយកទៅដាំ បានចំនួនជាង១លានដើមរួចហើយ ដោយឡែកឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ ក៏នឹងផ្តល់ជូនកូនត្នោតចំនួនជាង៣០ម៉ឺនដើមបន្ថែមទៀត សម្រាប់យុទ្ធនាការ «បៃតងកម្ពុជា» នេះផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានជំរុញការដាំស្តារព្រៃឈើក្នុងតំបន់រេចរិល នៃតំបន់ការពារធម្មជាតិ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស ឱ្យបន្តខិតខំអនុវត្ត ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ។
សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ គឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងការអនុវត្តតាម «យុទ្ធសាស្រ្តចក្រា» វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំសំខាន់៣ គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០៕