សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យបងប្អូនមូស្លីមកម្ពុជា បន្តថែរក្សាសុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនមូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ ហើយបន្ទាប់មកនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី នៅថ្ងៃពុធ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី២កើត ខែចេត្រ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ញើនូវក្តីនឹករលឹកនិងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនមូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពរួមគ្នាជាមួយនឹងប្រជាជនកម្ពុជាដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនមូស្លីមកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងការពារ ថែរក្សាបានយ៉ាងល្អនូវសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍និងសាសនានៅប្រទេសកម្ពុជា ដែលបានស្វែងរកមកយ៉ាងលំបាក ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភានីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕