អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមបដិសេធចោលចំពោះការផ្សព្វផ្សាយរបស់ម្ចាស់គណនីអនាមិកឈ្មោះ Samdach Seng Ratana 007 ដែលនូវតែបន្តប្រើគំនិតស្មោគគ្រោកបំភ័ន្តសាធារណជន

ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានចេញ សេចក្ដីបញ្ជាក់ជូនសាធារណជនដោយមានខ្លឹមសារទាំងស្រុងថា៖

ក៏ព្រោះតែម្ចាស់គនណី Samdach Seng Ratana 007 កំពុងស្ថិតក្នុងស្ថានភាពដូចពាក្យចាស់ពោលថា «ចាក់ទឹកលើក្បាលសត្វទា» ជាពិសេសចុងក្រោយនេះ នៅតែបង្ហាញចេតនាច្បាស់ក្រឡែត មិនទទួលយកសច្ចធម៌ ហើយបន្តប្រើគំនិតស្មោគគ្រោក បំភ័ន្តសាធារណជន ដោយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងសម្ដេចក្រឡាហោម ស ខេង ជាអាទិ៍ការបំផុសបំផុលថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត មានផែនការកំចាត់ក្រុមគ្រួសារ សម្ដេចក្រឡាហោម និងថែមទាំងតាំងខ្លួនធ្វើចិត្តល្អ ផ្ដល់គំនិតឆ្កួតលីលាឱ្យក្រុមគ្រួសារ សម្ដេចក្រឡាហោម រួមទាំងឯកឧត្តមអភិសន្តិបណ្ឌិត រត់ភៀសខ្លួនជាដើម អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សូមបដិសេធចោលចំពោះព័ត៌មានខាងលើនេះ និងសូមបញ្ជាក់ជូនសាធារណជនទាំងក្នុង និងក្រៅប្រទេសឱ្យបានជ្រាបដូចខាងក្រោម។

១/ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ច្បាស់ហើយថា គ្មានឡើយការហ៊ុមព័ទ្ធផ្ទះសម្ដេចក្រឡាហោម រួមទាំងផ្ទះរបស់ឯកឧត្តម និងសូមឱ្យអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយបញ្ឈប់សកម្មភាពនេះជាបន្ទាន់!

២/ឯកឧត្តមអភិសន្តិបណ្ឌិត តាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ដោយម៉ឺងម៉ាត់ហើយថា ឯកឧត្តម មិនមែនជាមនុស្សប្រជែងមុខតំណែងនោះឡើយ ប៉ុន្តែ ឯកឧត្តមអភិសន្តិបណ្ឌិត គោរពការសម្រេចចិត្តរបស់អង្គមហាសន្និបាតគណបក្ស គោរពឋានានុក្រមការងារនៃរាជរដ្ឋាភិបាល ពិសេសគោរពតាមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ដូចគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បញ្ជាក់ច្បាស់តាមរយៈអ្នកនាំពាក្យរួចរាល់ហើយដែរថា ក្នុងជីវិតនយោបាយជាង៥០ឆ្នាំមកនេះ សម្ដេចគ្មានបំណងអ្វីបន្តិចទាល់តែសោះក្នុងការធ្វើជានាយករដ្ឋមន្រ្តី ពីពេលនេះតទៅក៏ដូចគ្នា។

៣/ក្រោមម្លប់ និងលំអានដ៏ឧត្តុង្គឧត្តមរបស់ចាស់ទុំក្នុងជួរគណបក្ស ជាពិសេសសម្ដេចតេជោ សម្ដេចក្រឡាហោម រួមទាំងឥស្សរជនជាច្រើនទៀត និងក្នុងស្មារតីមនោសញ្ចតនាដ៏ជ្រាលជ្រៅឥតគណនា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំបន្តវេនផ្សេងទៀតដែរ គឺ សម្ដេចធិបតី មិនត្រឹមតែជាប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាបងប្រុសប្រកបដោយព្រហ្មវិហារធម៌ និងប្រកាន់ខ្ជាប់នូវក្ដីស្រលាញ់ប្រកបដោយភាតរចំពោះគ្នាទៅវិញទៅមកផងដែរ។ នេះជាឬសកែវនៃសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល។

៤/ចំពោះការតាំងខ្លួនធ្វើចិត្តល្អ ដោយបុគ្គលអនាមិក ម្ចាស់គណនី Samdach Seng Ratana 007 បានណែនាំឱ្យក្រុមគ្រួសារ ឯកឧត្តមអភិសន្តិបណ្ឌិត រត់ភៀសខ្លួនទៅក្រៅប្រទេស ឬរត់ចូលស្ថានទូតនានា គឺមិនខុសអ្វីពី«អ្នកលួចដាក់ថ្នាំបំពុលតាំងខ្លួនជាគ្រូពេទ្យនោះឡើយ»។ ផ្ទុយទៅវិញ ព័ត៌មានបំពុលបែបនេះ មិនមែនតែ ឯកឧត្តមអភិសន្តិបណ្ឌិត រួមទាំងក្រុមគ្រួសារនោះទេ សូម្បីតែសាធារជនទូទៅក៏មានអារម្មណ៍ខ្ពើមរអើមនឹងចេតនាអគតិរបៀបនេះដែរ។

អាស្រ័យដូចបានបញ្ជាក់ជូននេះ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សូមអំពាវនាវដល់សាធារជនទាំងក្នុង និងក្រៅប្រទេស កុំជឿទៅលើការផ្សព្វផ្សាយដោយបំភ័ន្តខួបប្រាំងខួបវស្សារបស់ក្រុមប្រឆាំង ពួកជ្រុលនិយមអគតិ រួមទាំងម្ចាស់គណនី អនាមិក ឈ្មោះ Samdach Seng Ratana 007 និងសូមរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម។ ឧបាយកលបំបែកបំបាក់ផ្ទៃក្នុងកណបក្សប្រជាជនកម្ពុជា ពីសំណាក់ក្រុមប្រឆាំង និងបុគ្គលអគតិ ពិតជាមិនបញ្ចប់ត្រឹមនេះទេ ប៉ុន្តែ អ្នកនាំពាក្យ សូមសង្កត់ធ្ងន់ថា សាមគ្គីភាព របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ នឹងកាន់តែបន្តចាក់គ្រឹះរឹងមាំឡើងៗ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន៕

បញ្ចេញមតិ
អត្ថបទទាក់ទង