ឯកឧត្តម ទិត សុធា ដឹកនាំប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង១១ និងក្រុមការងារលេខាធិការដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១១នៃស្រុកកំពង់ស្វាយ និងក្រុមការងារលេខាធិការដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ពិធីប្រកាសនេះ បានប្រារព្វធ្វើឡើងនៅរដ្ឋបាលស្រុកកំពង់ស្វាយ ដោយមានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង១១ និងក្រុមការងារលេខាធិការដ្ឋានស្រុកកំពង់ស្វាយ ព្រមទាំងវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ ប្រមាណ២០០នាក់ ។
ថ្លែងសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ទិត សុធា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺដើម្បីសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការជួយស្វែងយល់ និងជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជាក់ស្តែងជូនដល់បងប្អូនប្រជាពលរដ្ឋ ស្របតាមគោលការណ៍ច្បាប់ ជាពិសេស ជួយរិះរកវិធីនានាដើម្បីការចូលរួមកសាង អភិវឌ្ឍមូលដ្ឋានភូមិឃុំឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ។
ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានបញ្ជាក់បន្ថែមទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មិនមែនជាការមកដណ្តើមអំណាចរបស់សមត្ថកិច្ចមូលដ្ឋាន ហើយក៏មិនមែនមកធ្វើការងារជំនួសមូលដ្ឋាននោះឡើយ ប៉ុន្តែក្រុមការងាររាជរដ្ឋាភិបាល មានតួនាទីភារកិច្ចក្នុងការតម្រង់ទិស តាមដាន វាយតម្លៃការអនុវត្តការងាររបស់អាជ្ញាធរមូលដ្ឋានស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម ទិត សុធា ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺជា អាណត្តិកែទម្រង់ ដូចនេះយើងត្រូវចូលរួមទាំងអស់គ្នាក្នុងការបម្រើប្រជាពលរដ្ឋអស់ពីបេះដូង និងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនត្រូវយកអំណាច តួនាទីរបស់ខ្លួនទៅប្រព្រឹត្តអំពើខុសច្បាប់ណាមួយដើម្បីផលប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួន ដែលទង្វើខុសឆ្គងទាំងអស់នោះ នឹងអាចប្រឈមនឹងវិធានការច្បាប់ជាមិនខាន។
ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវតែសហការ សាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ជាកម្លាំងតែមួយ មោះមុត និងប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ទិត សុធា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតីក្នុងការងាររហូតសម្រេចបានសមិទ្ធផលជាច្រើននាពេលកន្លងមកនេះ និងប្តេជ្ញាបន្តរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការកសាង សមិទ្ធផលថ្មីៗថែមទៀត និងប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន រុងរឿង៕