កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃនិងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងម៉ឺងម៉ាត់និងដាច់ខាតចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ បានបំភ្លៃការពិត បំភាន់សាធារណជន បំភាន់សាធារណមតិនិងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញនិងការខូចខាតដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ កម្ពុជាបានបញ្ជាក់ជាថ្មីថា ប្រាសាទបុរាណនិងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រ ព្រមទាំងជាទីកន្លែងសម្រាប់ការគោរពបូជាសាសនា ការអភិរក្ស ការស្រាវជ្រាវ ការអប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញា ឆ្នាំ១៩៧២ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួនស្រប តាមច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនេះ កម្ពុជាតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់កងកម្លាំងយោធាថៃនិងសកម្មភាពឯកតោភាគីនានាដែលអាជ្ញាធរថៃបានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របីនិងប្រាសាទខ្នារព្រមទាំងទីតាំងបុរាណវិទ្យាផ្សេងទៀតរបស់កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដោយគ្មានការអនុញ្ញាតពីកម្ពុជា។ សកម្មភាពទាំងនេះរួមមាន សកម្មភាពបោសសម្អាតមីន ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញអគ្គិសនី គម្រោងជួសជុល និងស្តារឡើងវិញព្រមទាំងសកម្មភាពផ្សេងៗទៀតដែលប៉ះពាល់ដល់ទីតាំងទាំងនេះ។ សកម្មភាពបែបនេះបានបង្កឱ្យមានក្តីបារម្ភយ៉ាងធ្ងន់ធ្ងរទៅលើការមិនគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាហើយអាចរារាំងដល់ដំណើរការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ការចោទប្រកាន់ដដែលៗគ្មានមូលដ្ឋានទាំងនេះ បញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជានិងងាកមកដោះ ស្រាយបញ្ហាដែលនៅសេសសល់តាមមធ្យោបាយសន្តិវិធី និងយន្តការទ្វេភាគីដែលបានបង្កើតឡើងជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ហើយកម្ពុជាទាមទារជាថ្មីឱ្យមានការប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ និងដែលបានដឹកយកទៅប្រទេសថៃផងដែរ៕
សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដូចខាងក្រោម៖
