គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្របញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃ

ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
——
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជានិងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តដែលមានគោលបំណងជំរុញទំនុកចិត្តនិងភាពជឿជាក់ទៅវិញ ទៅមកនិងសម្រួលដល់ដំណោះស្រាយដោយសមហេតុផលនិងដោយមិត្តភាពស្របតាមច្បាប់អន្តរជាតិ។

គណៈកម្មការផ្សះផ្សា បានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញនិងមាន ប្រសិទ្ធភាពដែលមានសារៈសំខាន់សម្រាប់ការជំរុញដំណើរការផ្សះផ្សា។ ក្នុងចំណោមវិធានការដែលបានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថាពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារសិទ្ធិស្រប ច្បាប់របស់ខ្លួនឬដើម្បីកែតម្រូវព័ត៌មានមិនពិតនិងព័ត៌មានបំភាន់។

លើសពីនេះ គណៈកម្មការផ្សះផ្សា បានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជានិងថៃបានឯកភាពពីមុនមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ គណៈកម្មការបានលើកទឹកចិត្ត ភាគីទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀងនិងវិធានការដែលមានស្រាប់ដើម្បីជួយបង្កើតបរិយាកាសអំណោយផល ដល់ការចរចាប្រកបដោយការស្ថាបនាក្នុងក្របខណ្ឌនៃដំណើរការផ្សះផ្សា។

គណៈប្រតិភូកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សានិងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគាត់ក្នុងការសម្រួលការពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរនិងជួយភាគីទាំងពីរឱ្យឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តទាំងនេះ៕

អត្ថបទទាក់ទង