ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងគ្រូធីវេត (TVET) លើជំនាញ បញ្ញាសិប្បនិម្មិត ឌីជីថល និងជំនាញទន់​ សម្រាប់បណ្តុះបណ្តាលបន្តដល់សិស្សធីវេត

ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលចំនួន៣ ក្រោមអធិបតីភាព​ ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេស និងសិក្ខាកាមមកពីគ្រឹះស្ថាន TVET។ វគ្គទាំង៣ រួមមាន វគ្គបញ្ញាសិប្បនិម្មិត( AI) សម្រាប់នាយក និងនាយករងចំនួន ៨០នាក់ វគ្គវិធីសាស្ត្រប្រើប្រាស់សៀវភៅសិក្សាលើមូលដ្ឋានឌីជីថល និង AI សម្រាប់គ្រូបច្ចេកទេស ចំនួន៦០នាក់ និងវគ្គជំនាញទន់ សម្រាប់គ្រូបច្ចេកទេសមកពីគ្រឹះស្ថាន TVET ខេត្ត សរុបចំនួន ១១៦នាក់។

នេះគឺជាលើកទី២ហើយ បន្ទាប់ពីក្រសួងបានរៀបចំការបណ្តុះបណ្តាលកាលពីខែកញ្ញា ឆ្នាំ២០២៦ ស្តីពី AI មូលដ្ឋានគ្រឹះឌីជីថល និងជំនាញទន់ សម្រាប់ថ្នាក់ដឹកនាំ និងគ្រូបច្ចេកទេស TVET។ ការបណ្តុះបណ្តាលកន្លងមកមានថ្នាក់ដឹកនាំចំនួន ២៥នាក់ គ្រូជំនាញទន់ចំនួន ៤៨នាក់ គ្រូបច្ចេកទេសសិក្សា AI ចំនួន ២៣៤នាក់ និងគ្រូបច្ចេកទេសសិក្សាមូលដ្ឋានគ្រឹះឌីជីថល និង AI ចំនួន ២០នាក់។

ការបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាព បង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពការបង្រៀន ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារ។ ជាពិសេស ការពង្រឹងសមត្ថភាព AI ឌីជីថល និងជំនាញទន់ដល់គ្រូ នឹងជួយឱ្យគ្រូអាចរៀបចំមេរៀន សម្ភារៈបង្រៀន លំហាត់ និងមាតិកាឌីជីថលបានកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនគុណភាពការបណ្តុះបណ្តាលជំនាញជូនសិស្ស ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាន​៕

អត្ថបទទាក់ទង