សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីណែនាំ៩ចំណុច ក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២៤

ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារាចរស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។ ទិវាពលកម្មអន្តរជាតិ ១ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។

នៅក្នុងឱកាសនៃការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីណែនាំ៩ចំណុច ដើម្បីប្រព្រឹត្តទៅបានល្អប្រសើរដែលក្នុងនោះរួមមាន៖
ទី១- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយនឹងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ថ្នាក់ជាតិ ដោយមានការចូលរួមពីកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធ។

ទី២- ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន បណ្តាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសកម្មភាពនានារបស់កម្មករនិយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។

ទី៣- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជាដងវិថីនិងទីតាំង សំខាន់ៗ ដើម្បីចងបដាពាក្យស្លោកតាមខ្លឹមសារ ដូចជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា, សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ, គោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនិងនិយោជក, សុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ ជាកត្តាចម្បង, មានជំនាញវិជ្ជាជីវៈ មានឱកាសការងារនិងមុខរបរ ទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។

ទី៤- ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំកម្មវិធីកម្សាន្តសប្បាយៗតាមលទ្ធភាពជាក់ស្តែង និងចងបដា ពាក្យស្លោក នៅច្រកចេញ-ចូល និងនៅតាមអគារសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដូចជា អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា, រួមគ្នាដើម្បី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយៗ, រួមគ្នាបង្កើនវប្បធម៌អនុលោមភាពតាមច្បាប់, រួមគ្នាដើម្បីលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, រោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក។

ទី៥- អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត អង្គការវិជ្ជាជីវៈរបស់និយោជក កម្មករនិយោជិត និងនិយោជក នៃសហគ្រាសនីមួយៗ ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅបង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យជូនបងប្អូន កម្មករនិយោជិត និងប្រជាពលរដ្ឋ។

ទី៦- ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាល រាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធានារក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ ឱ្យបានល្អ។

ទី៧- ប្រគល់ភារកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត សហការជាមួយនឹងអង្គការវិជ្ជាជីវៈ តំណាង បងប្អូនកម្មករនិយោជិត និងនិយោជក រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាមរាជធានី ខេត្តនីមួយៗ, ព្រមទាំង ដឹកនាំរៀបចំកម្មវិធីកម្សាន្តសប្បាយៗ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាម សហគ្រាស គ្រឹះស្ថាននីមួយៗ

ទី៨- មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ត្រូវធ្វើជាសេនាធិការជូនគណៈអភិបាលរាជធានី ខេត្ត ក្នុងការរៀបចំពិធីអបអរសាទរនិងកម្មវិធីនានា។

ទី៩- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំឯកសារ និងតាមដានបូកសរុបការរៀបចំពិធីនេះដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល៕

បញ្ចេញមតិ
អត្ថបទទាក់ទង