អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាសោកស្ដាយដែលភាគីថៃមិនទទួលខុសត្រូវចំពោះការប្រព្រឹត្តឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យរបស់កម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅយប់ថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
លោកជំទាវអ្នកនាំពាក្យបានគូសរំលេចថា កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់នៅឡើយ ហើយកម្ពុជាបានជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។
លោកជំទាវបានសង្កត់ធ្ងន់ថា វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួននោះទេ តែថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងដែលកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។