ក្រសួងការងារ ជួបជុំសហគមន៍ខ្មែរជាង ២ ៥០០នាក់នៅកូរ៉េ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជំរុញពលករគោរពច្បាប់

ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

(សាធារណរដ្ឋកូរ៉េ)៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ​​ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានអញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំដោយសហគមន៍កម្ពុជាឆុនណាំក្វាងជូ នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពី ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ផាក គូនថែក សមាជិកសភាជាតិកូរ៉េ សមាជិកក្រុមប្រឹក្សាក្រុង ខណ្ឌ អាជ្ញាធរពាក់ព័ន្ធ និងបងប្អូនសហគមន៍ខ្មែរ ពលករ ពលការិនី និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង ២ ៥០០នាក់។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជាពិសេសវីរកងទ័ពកម្ពុជាដែលបានពលីក្នុងសង្គ្រាម និងអ្នកដែលបានចែកឋានទៅ ព្រមទាំងបង្កើតឱកាសឱ្យសហគមន៍ខ្មែរបានជួបជុំគ្នាប្រកបដោយភាពកក់ក្តៅ។ ជំនួបនេះមិនត្រឹមតែជាការថែរក្សាប្រពៃណី និងវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរំលែកក្តីនឹករលឹកចំពោះស្រុកកំណើត និងពង្រឹងសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េឱ្យកាន់តែជិតស្និទ្ធ។

ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសហគមន៍ និងបងប្អូនពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនេះ ក៏បានលើកទឹកចិត្តឱ្យបងប្អូនពលករបន្តខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព គោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងយល់ដឹងពីវប្បធម៌នៃប្រទេសម្ចាស់ផ្ទះ ដើម្បីរួមចំណែករក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ជាតិខ្មែរ៕

អត្ថបទទាក់ទង