ក្រសួងអប់រំ ណែនាំដល់សិក្សានុសិស្សត្រូវថែរក្សាសុខភាពឱ្យបានល្អក្នុងអំឡុងពេលបម្រែបម្រួលអាកាសធាតុក្តៅខ្លាំង
នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំដល់សិស្សានុសិស្សឱ្យថែរក្សាសុខភាព អំឡុងពេលអាកាសធាតុក្ដៅខ្លាំង ដើម្បីបង្ការហានិភ័យសុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាគ ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។
យោងតាមសេចក្តីណែនាំនោះដែរ បានឱ្យដឹងថា សិស្សានុសិស្ស ត្រូវទទួលទានទឹកស្អាត ឬទឹកដាំពុះដោយទុកឱ្យត្រជាក់ (ចៀសវាងញ៉ាំទឹកក្ដៅ) និងត្រូវទទួលទានទឹកឱ្យបានច្រើន លើសពី២លីត្រក្នុងមួយថ្ងៃ ទោះបីជាមិនមានស្រេកទឹកក៏ដោយ ពិសេសត្រូវតាមដានទឹកនោមដោយមិនត្រូវបណ្តោយឱ្យទឹកនោមឡើងពណ៌លឿងចាស់នោះទេ។ សិស្សានុសិស្សត្រូវប្រកាន់ខ្ជាប់នូវក្បួនអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាប់ជាប្រចាំ។
បន្ថែមពីនេះ សិស្សានុសិស្ស ត្រូវទទួលទានបន្លែ ផ្លែឈើដែលសម្បូរជាតិសរសៃនិងជាតិទឹកឱ្យបានញឹកញាប់ ចំពោះអាហារត្រូវកាត់បន្ថយការទទួលទានម្ហូបអាហារដែលប្រៃពេក ផ្អែមពេក និងខ្លាញ់ច្រើនពេក។ ជាពិសេស ត្រូវស្លៀកសម្លៀកបំពាក់ការពារកម្ដៅ និងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាសម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆ័ត្រជារបាំងការពារកម្ដៅថ្ងៃពេលចេញក្រៅ ឬពេលធ្វើដំណើរ និងផ្លាស់ប្ដូរសម្លៀកបំពាក់ប្រសិនបើវាសើមខ្លាំង៕