ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦

ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0


ថ្លែងក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ភាពតានតឹងនិងជម្លោះនាពេលថ្មីៗនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជានិងថៃ។ ក្រៅពីការធ្វើឱ្យទំនាក់ទំនងមានភាពតានតឹង ជម្លោះនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅ និងយូរអង្វែង រួមទាំងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការបន្តគំរាមកំហែងពីសំណាក់គ្រាប់មិនទាន់ផ្ទុះជាដើម។ ទោះជាយ៉ាងនេះក្តី ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ប្រទេសទាំងពីរត្រូវរួមរស់ក្បែរគ្នាជានិច្ច ហើយសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ដូច្នេះការកសាងទំនុកចិត្តឡើងវិញ មិនមែនគ្រាន់តែជារឿងដែលយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែ វាជាកត្តាចាំបាច់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគី និងសម្រាប់ការយកចិត្តទុកដាក់រួមរបស់យើង ដែលចង់មានសន្តិភាពយូរអង្វែង និងទំនាក់ទំនងជាប្រទេសជិតខាងល្អនឹងគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថា សម្រាប់កម្ពុជា ការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង។ នេះជាការចាំបាច់ដែលត្រូវមានការអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយពេញលេញនិងដោយសុឆន្ទៈចំពោះ រាល់ការព្រមព្រៀងគ្នាក្នុងនោះរួមមាន សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ កុងសង់ស៊ីសហ្វ៊ូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តមិនប្រើការគំរាមកំហែង ឬការប្រើកម្លាំង និងការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ ក៏ដូចជាការអនុវត្តវិធានការជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងជំរុញប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគី។

ក្នុងចំណោមវិធានការទាំងនេះ ការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការដោះស្រាយបញ្ហានានាដែលនៅសេសសល់ពាក់ព័ន្ធនឹងព្រំដែន និងការបង្កើតខ្សែព្រំដែនមួយដ៏ច្បាស់លាស់ ដែលភាគីទាំងពីរទទួលស្គាល់ទៅវិញទៅមក ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់ទៀតថា អ្វីដែលមានសារៈសំខាន់ដូចគ្នាដែរ ហើយដែលមានផលប៉ះពាល់ដោយផ្ទាល់ទៅលើផ្នែកមនុស្សធម៌ នោះគឺការមិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញបានរបស់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០,០០០ នាក់ ដោយសារការបន្តកាន់កាប់និងការរារាំងរបស់កម្លាំងយោធាថៃ។ ដូចដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅពេលចុះទៅពិនិត្យតំបន់ព្រំដែនកាលពីខែកក្កដាកន្លងទៅថា«ពួកគេត្រូវការនិងស័ក្តិសមទទួលបានការអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ»។ ដូចគ្នានេះដែរ ការបញ្ឈប់សកម្មភាពទាំងឡាយនៅក្នុងទឹកដីដែលត្រូវបានកាន់កាប់ ដែលអាចបង្កើត ឬពង្រឹងស្ថានភាពជាក់ស្តែង (fait accompli) នឹងបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសុឆន្ទៈនិងការគោរពចំពោះច្បាប់អន្តរជាតិ។

ឯកឧត្តមបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណោះស្រាយវិវាទដោយសន្តិវិធីចំពោះវិវាទលើដែនសមុទ្រកម្ពុជា-ថៃ ដូចគ្នាដែរ ដោយបានរម្លឹកថា កាលពីខែឧសភាកន្លងទៅ ប្រទេសថៃបានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាក្របខ័ណ្ឌច្បាប់តែមួយគត់ សម្រាប់ប្រទេសទាំងពីរធ្វើជាមូលដ្ឋានដោះស្រាយវិវាទដែនសមុទ្របើទោះបីជាកម្ពុជាបានអំពាវនាវកុំឱ្យថៃធ្វើបែបនេះក៏ដោយ។ ហេតុនេះ កម្ពុជាក៏ត្រូវបង្ខំចិត្តផ្តល់សេចក្តីទុកចិត្តទៅលើស្ថាប័នដែលប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ដោយបានផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្រង់ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសុន្ទរកថាពិសេសកាលពីខែមិថុនាកន្លងទៅមកបញ្ជាក់ថា៖«យើងបានប្រកាន់យកវិធានការនេះ ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាតែងតែស្វែងរកដំណោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី និងបន្តស្វែងរកទំនាក់ទំនងជាមួយប្រទេសថៃដែលផ្អែកលើសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ហើយទាំងកម្ពុជានិងថៃ សុទ្ធតែទទួលបានផលប្រយោជន៍ពីដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលសម្រេចបានក្រោមការណែនាំរបស់អ្នកជំនាញអន្តរជាតិផ្នែកផ្សះផ្សានិងស្របតាមច្បាប់អន្តរជាតិ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មការផ្សះផ្សាដែលបានបង្ហាញនូវឆន្ទៈដ៏មុតមាំក្នុងការជួយដោះស្រាយវិវាទរវាងភាគីទាំងពីរ ដោយសន្តិវិធី ក្នុងឱកាសកិច្ចប្រជុំលើកទី១ នៅសិង្ហបុរី កាលពីដើមខែកញ្ញានេះ។ តម្លៃនៃដំណើរការផ្សះផ្សាគួរតែត្រូវបានចាត់ទុកថា ជាឱកាសដ៏មានអត្ថន័យមួយ ដើម្បីផ្សះផ្សាទំនាស់ កសាងទំនុកចិត្តឡើងវិញ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ទំនាក់ទំនងប្រកបដោយសន្តិភាព និងស្ថាបនារវាងប្រទេសទាំងពីរ។

ប្រមុខការទូតកម្ពុជាក៏បានគូសបញ្ជាក់ផងដែរអំពីសារសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបានក្លាយជាអាទិភាពដ៏សំខាន់បំផុតមួយរបស់កម្ពុជា និងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំពីព្រោះគ្មានប្រទេសណាមួយអាចទទួលបានជោគជ័យដោយឯកឯងក្នុងការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋជនដែលធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែននេះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា នេះគឺជានយោបាយការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ក្នុងបរិបទដែលកម្ពុជាទទួលរងសង្គ្រាមឈ្លាមពានដ៏អាក្រក់ពីប្រទេសថៃ ដែលបាននិងកំពុងបង្កផលវិបាកធ្ងន់ធ្ងរមកលើបូរណភាពទឹកដី សម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រជាជនកម្ពុជា។ ដូច្នេះការលាតត្រដាងការពិតទាំងនេះឱ្យសហគមន៍អន្តរជាតិបានដឹង គឺជាការចាំបាច់ដើម្បីកុំឱ្យមានការនិយាយភូតកុហក បំភ្លើសបំភ្លៃចំពោះអ្វីដែលបានកើតឡើងជាក់ស្តែងនៅតាមព្រំដែនកម្ពុជា-ថៃ៕

អត្ថបទទាក់ទង