កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍មិនពិតរបស់គណៈប្រតិភូថៃក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដីនិងបំភ័ន្តរដ្ឋសមាជិក

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅទីក្រុងហ្សឺណែវ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦  ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ។

នៅក្នុងបទអន្តរាគមន៍ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ថា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូថៃដែលមិនពិតនិងធ្វើឡើងដោយគ្មានមូលដ្ឋានក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដីនិងហាក់ដូចជាមានបំណងបំភ័ន្តរដ្ឋសមាជិក។

ឯកឧត្តម បានសង្កត់ធ្ងន់ថា កម្ពុជាមិនបានចាប់ផ្តើមជម្លោះហើយក៏មិនបានបង្កើនអរិភាពនោះទេ។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានបាញ់ ប្រហារលើទីតាំងយោធាកម្ពុជាបណ្តាលឱ្យទាហានកម្ពុជាមួយរូបស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីហេតុការណ៍នោះមកភាពតានតឹងមានការកើនឡើង។

ពាក់ព័ន្ធបញ្ហាជនភៀកសឹកកម្ពុជាវិញ ឯកឧត្តម កែ សុវណ្ណ ក៏បានគូសបញ្ជាក់ ជនភៀសសឹកកម្ពុជា បច្ចុប្បន្ន ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងដែនដីកម្ពុជាដោយសារជម្លោះព្រំដែនរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ពោលគឺនៅក្នុងឆ្នាំ ២០២៥ ជាពិសេសគឺដោយសារការវាយប្រហារយ៉ាង ធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។

កំណត់ត្រារបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនកម្ពុជាចុងក្រោយពីជំរុំ នៅក្នុងប្រទេសថៃ ត្រូវបានបញ្ចប់នៅក្នុងខែមីនា ឆ្នាំ១៩៩៩ ហើយជំរុំទាំងអស់ត្រូវបានបិទ៕

អត្ថបទទាក់ទង