សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន

ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ឯកឧត្តម អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev)  ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់, ឯកឧត្តម រ៉េសេប តៃយីប អ៊ែរដូហ្គាន (Recep Tayyip Erdoğan) ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ និង ឯកឧត្តម កាហ្ស៊ីម-ចូម៉ាត-តូកាយ៉េវ (Kassym-Jomart Tokayev) ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់នេះនឹងផ្តល់សន្ទុះថ្មីដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋ  

អាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សម្តេចធិបតីនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលបទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើនប្រកបដោយចីរភាពនៅអាស៊ី»។ សម្តេចធិបតីក៏គ្រោងនឹងជួបទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេសសមាជិក CICA ផ្សេងទៀត ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ បន្ទាប់មក នៅថ្ងៃទី១៦ ខែតុលា សម្តេចធិបតីនឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគីយ៉េ និងជួបពិភាក្សាជាមួយឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជានិងតួកគីយ៉េ និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។ នៅថ្ងៃទី១៧ ខែតុលា សម្តេចធិបតីនឹងបន្តដំណើរទៅកាន់ទីក្រុងអាស្តាណា ដើម្បីជួបពិភាក្សាទ្វេភាគីជាផ្លូវការជាមួយថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋកាហ្សាក់ស្ថាន សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់បន្ថែមថា គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញអមដំណើរសម្តេចធិបតី រួមមាន៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, មន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ៕

អត្ថបទទាក់ទង