សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខួរក្បាលរបស់ក្រុមអ្នកនយោបាយប្រឆាំងខ្មែរមានតែមួយគត់គឺចោទថារដ្ឋាភិបាលធ្វើអោយបាត់ដី
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្ដាញសង្គមបានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖
បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថាក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុមតែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារថារាជរដ្ឋាភិបាលបានធ្វើអោយបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃនៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ននិងការដែលថៃធ្វើរបងព្រំដែនបេតុងដោយឯកតាភាគី។
ហើយគេតែងតែយកព័ត៌មានពីប្រភពដែលផ្សព្វផ្សាយដោយបណ្តាញព័ត៌មានថៃ។ អ្វីដែលជាការចម្លែកនោះ ហើយខុសពីរាល់ដងប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ បានធ្វើឲ្យប្រជាពលរដ្ឋថៃចំនួន៦៦គ្រួសារដែលធ្លាប់ធ្វើចំការចំនួន៨៦៣រ៉ៃ (ស្មើ១៣៨ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នក នយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។
តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេគ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណាគឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?
តាមការសន្និដ្ឋានរបស់ខ្ញុំ គឺគាត់មិនហ៊ាននិយាយពាក់ព័ន្ធនឹងការផ្សាយរបស់សារព័ត៌មានថៃនោះទេព្រោះគាត់មានជម្រើសតែពីរគត់៖ ១) ទទួលស្គាល់ព័ត៌មាននោះជាព័ត៌មានពិត និង ២) បដិសេធថាអ្វីដែលសារព័ត៌មានថៃចុះផ្សាយនោះជាព័ត៌មានមិនពិត។ ជម្រើសមួយណាក៏មិនល្អសម្រាប់ពួកគាត់ដែរ។ ហេតុដូច្នេះហើយបានជានៅស្ងៀមស្ងាត់មិនហ៊ានធ្វើអត្ថាធិប្បាយអ្វីបន្តិចសោះពាក់ ព័ន្ធនឹងការចុះផ្សាយព័ត៌មានរបស់ថៃករណីបង្គោលព្រំដែនចន្លោះបង្គោល៥២-៥៩ នោះ៕