ទោះបីនៅទីណាក៏ដោយ ក៏បងប្អូនជនជាតិខ្មែរ តែងតែគោរពប្រណិប័តន៍ខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក្រុមការងារ ESEA និងសមាគមខ្មែរនានាក្នុងប្រទេសម៉ាឡេស៊ី រៀបចំ «សង្ក្រាន្តខ្មែរនៅម៉ាឡេស៊ី» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅវត្តព្រះកែវរតនារង្សី ក្នុងតំបន់ Pontian រដ្ឋ Johor Bahru។
សង្ក្រាន្តខ្មែរនៅម៉ាឡេស៊ី មានកម្មវិធីសំខាន់ៗដូចជា៖ រាប់បាត្រ សូត្រធម៌នមស្សការ ប្រគេនទយ្យទាន ស្រង់ព្រះ ពូនភ្នំខ្សាច់ ការពិសាអាហារ និងនំបញ្ចុកសាមគ្គី ជាមួយនឹងល្បែងប្រជាប្រិយខ្មែរ មានដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម បោះអង្គញ់ និងការរាំលេងកម្សាន្ត។ ការណ៍នេះ បានបង្ហាញនូវអត្តសញ្ញណជាតិ និងជនជាតិខ្មែរ ដែលតែងប្រណិប័តន៍ខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទម្លាប់ មិនថារស់នៅ ឬប្រកបអាជីពនៅទីណាក៏ដោយ៕