ពិធីបុណ្យចូលឆ្នាំថ្មី បានឆ្លុះបញ្ជាំងឱ្យឃើញពីទំនុកចិត្ត និងភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរចំពោះថ្នាក់ដឹកនាំកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ដែលមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញឱ្យឃើញពីចលនាភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់ និងការសប្បាយរីករាយដ៏ឧឡារិកអធិកអធមយ៉ាងក្រៃលែងបែបនេះបានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ពិតណាស់ សុខសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា បូកផ្សំនឹងការរៀបចំបានល្អរបស់រដ្ឋបាលរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនីមួយៗផងផងដែរ ជាពិសេសមិនអាចមើលរំលងបាននោះ គឺទំនុកចិត្តនិងភាពកក់ក្តៅដែលប្រជាពលរដ្ឋខ្មែរទទួលបានជាងពេលណាៗទាំងអស់ពីថ្នាក់ដឹកនាំរបស់ខ្លួន។

កម្ពុជា មាននាយករដ្ឋមន្ត្រីថ្មី វ័យក្មេងដែលពោរពេញដោយថាមពល និងសមត្ថភាពខ្ពស់ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ជាទីសង្ឃឹម ព្រមទាំងមានអ្នកនយោបាយជើងចាស់ដែលពោរពេញដោយបទពិសោធន៍ គ្មានគូប្រៀបគឺ សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងសម្រាប់កម្ពុជា ហើយដែលទើបតែក្លាយជាប្រធានព្រឹទ្ធសភានីតិកាលទី៥ កាលពីពេលថ្មីៗនេះ។

នៅក្នុងឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិលើកដំបូងក្នុងអាណត្តិដឹកនាំថ្មីរបស់ឥស្សរជននយោបាយទាំងពីរដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តវេនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរួចទៅហើយដោយទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ៨២%។ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលគេបានដឹងជាមុនថា សម្តេចតេជោ នឹងក្លាយជាប្រធានស្ថានប័ននីតិបញ្ញត្តិកំពូលមួយនេះ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រពីអង្គបោះឆ្នោតរហូតដល់ជិត៩៥% ដែលជាជោគជ័យដ៏ធំធេងមួយទៀត។

ដូចនេះ ការចូលរួមអបអរសាទរអំណរឆ្នាំថ្មីប្រពៃណីជាតិដ៏សប្បាយរីករាយនាពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែ វាកើតឡើងដោយសារទំនុកចិត្តនិងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំក៏ដូចជាចំពោះអនាគតប្រទេសជាតិដ៏ជាទីសង្ឃឹមលើសពីពេលណាៗទាំងអស់។ ចំនួនទេសចរក្នុងស្រុកដ៏ច្រើនលើសលប់នេះ ក៏ជាសារបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសចំពោះឥស្សរជននយោបាយដ៏ខ្លាំងពូកែទាំងពីររូប គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

ដោយ៖ ឯកឧត្តម ប៉ែន បូណា

បញ្ចេញមតិ
អត្ថបទទាក់ទង