ឯកឧត្តមហ៊ុនម៉ានី៖ទំនាក់ទំនងកម្ពុជាវៀតណាមជាទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែង»
(វៀតណាម)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជាវៀតណាមជាទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដែលនៅក្នុងឆ្នាំក្រោយនេះ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូត។
ទំនាក់ទំនងប្រទេសទាំងពីរ ពិតជាបានឆ្លងកាត់ដំណាក់កាលលំបាករៀងៗខ្លួន ទម្រាំបានឈានមកដល់ថ្ងៃនេះ។ និយាយជារួមជាទំនាក់ទំនងដែលបានឆ្លងកាត់ការសាកល្បងជាបន្តបន្ទាប់ ប៉ុន្តែទំនាក់ទំនងមួយនេះ គឺមិនប្រែប្រួល ហើយនេះគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់បន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍនិងវិបុលភាព សម្រាប់ប្រជាជាតិយើងទាំងពីរតទៅមុខ ជាពិសេសខណៈដែលស្ថានភាពពិភពលោកពោរពេញដោយភាពមិនច្បាស់លាស់។
ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសវៀតណាមកំពុងតែមានភាពលេចធ្លោ ក្នុងការសម្រេចបានកំណើនប្រមាណ ៨% ក្នុងឆ្នាំ ២០២៥ និង ៨,១៨% ក្នុង ៦ខែដំបូងនៃឆ្នាំ២០២៦ (បើតាមការលើកឡើងរបស់ភាគីមិត្ត) ដែលផលនេះមិនត្រឹមតែនាំប្រយោជន៍ជូនប្រជាជនវៀតណាមនោះទេ តែក៏នាំមកនូវផលវិជ្ជមានសម្រាប់តំបន់ ក្នុងនោះកម្ពុជាផងដែរ ដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងគួរកត់សម្គាល់ ក្នុង ៨ខែនៃឆ្នាំ២០២៦ បើធៀបជាមួយនឹងឆ្នាំ២០២៥ ដែលការនេះបញ្ជាក់ពីផលដែលទទួលបានពីគ្នាទៅវិញទៅមក។
ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅទីក្រុងហាណូយ ខ្ញុំ និងគណៈប្រតិភូ ស.ស.យ.ក. បានចូលជួបសម្តែងការគួរសមជាមួយ លោកជំទាវ បួយ ធីមិញហ័យ ប្រធានគណៈមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងនិងជាសមាជិកការិយាល័យនយោបាយ ដែល លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកន្លងមករវាងស្ថាប័នយុវជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុវជននៃប្រទេសទាំងពីរបន្ថែមទៀត។
ទន្ទឹមនេះ ជំនួបជាមួយ ឯកឧត្តម ង្វៀន វ៉ាន់ ផុង អនុលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ក៏បានកត់សម្គាល់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ទីក្រុងហាណូយ ដែលមានប្រជាជនជាង ៩លាននាក់ និង ទំហំផ.ស.ស. រំពឹងថានឹងសម្រេចបានជាង ៧០ប៊ីដុល្លារ នៅឆ្នាំ២០២៦ ព្រមទំងកំណត់គោលដៅអភិវឌ្ឍន៍ ជាទីក្រុងសកល (Metropolitan City) នៅឆ្នាំ២០៤៥ ដោយសម្រេចឱ្យបានអត្រាកំណើន ១១% ស្របតាមគោលការណ៍កំណត់ដោយថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តមអគ្គលេខាធិការបក្ស តូ ឡឹម។
ជំនួបនាថ្ងៃនេះ បានបញ្ជាក់ពីសារៈសំខាន់នៃតួនាទីយុវជន និងការចូលរួមចំណែកបន្តថែរក្សាពូនជ្រំនូវចំណងមិត្តភាពដែលបានកសាងឡើងជាច្រើនជំនាន់សម្រាប់បច្ចុប្បន្ន និងទៅអនាគត។





