ឯកឧត្តម ទិត សុធា លើកទឹកចិត្តដល់ក្រុមការងារគណៈពង្រឹងបន្តសហការគ្នាជាកម្លាំងសរុបជាមួយមន្ត្រីបក្សនៅមូលដ្ឋានដើម្បីបម្រើប្រជាពលរដ្ឋដោយសកម្មនិងស្មោះស្ម័គ្រ 

ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅសម្រាប់អនុវត្តបន្តរបស់ក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ក្នុងនាមឯកឧត្តម វង្សី  វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងក្នុងនាមតំណាងលោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារ បានលើកទឹកចិត្តដល់ក្រុមការងារចុះមូលដ្ឋានទាំងនៅកំរិតថ្នាក់ស្រុក និងភូមិ ឃុំ សូមបង្កើនសកម្មភាពក្នុងការបម្រើប្រជាជននៅក្នុងមូលដ្ឋានឱ្យបានល្អ និងបង្កើនសកម្មភាពបុរេសកម្មថែមទៀតទាំងស្មារតី ឆន្ទៈ មនសិការ ក៏ដូចជាថវិកា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងចូលរួមដោះស្រាយការផ្តល់សេវាសំណូមពរ សេវាតម្រូវការ និងបញ្ហាប្រឈមនានាក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានទាន់ពេលវេលា ។

ការលើកទឹកចិត្តនេះ បានធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិកគណៈពង្រឹងចុះមូលដ្ឋានស្រុកកំពង់ស្វាយ ក្រុមការងារចុះឃុំទាំង១១ និងគណៈកម្មាធិការបក្សឃុំ និងក្រុមការងារពិសេសសរុបប្រមាណ១២០រូប នៅស្នាក់ការគណៈកម្មាធិការគណបក្សស្រុកកំពង់ស្វាយ ។

 ឯកឧត្តម ទិត សុធា បានសង្កត់ធ្ងន់ថា ការរួមកម្លាំងគ្នាជាប្រព័ន្ធតួអង្គតែមួយរវាងមន្ត្រីចុះមូលដ្ឋាន និងក្រុមការងារគណបក្សនៅមូលដ្ឋានផ្ទាល់ និងការបន្តសកម្មភាពចូលរួមបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសហការគ្នាឱ្យបានស្អិតរមួតក្នុងការបម្រើប្រជាពលរដ្ឋ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលប្រជាជនបានបោះឆ្នោតគាំទ្រឱ្យមានតួនាទី តំណែងទាំងថ្នាក់ជាតិ និងនៅមូលដ្ឋានភូមិ ឃុំ ស្រុក ដែលគ្រប់គ្នាត្រូវបំពេញកាតព្វកិច្ចជាប្រចាំ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានប្រសើរឡើង ក៏ដូចជាការអភិវឌ្ឍភូមិឃុំឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជាជាគណបក្សកាន់អំណាច ជាគណបក្សដែលមានប្រវត្តិតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាគណបក្សដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបាននិងកំពុងបម្រើប្រជាជនដោយស្មោះសរ គឺការបន្តរួមសុខ រួមទុក្ខ រួមទទួលខុសត្រូវ ហើយបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ ក្នុងន័យថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយនិងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ។ យោងលើបរិការណ៍នេះ ឯកឧត្តម ទិត សុធា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានសំដែងនូវការអរគុណដល់ក្រុមការងារទាំងអស់ដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្ត និងថវិកា ក្នុងកិច្ចការងារចុះមូលដ្ឋានយ៉ាងសកម្មនិងសម្រេចបានលទ្ធផលដ៏គាប់ប្រសើរ ជាទំនុកចិត្តរបស់ប្រជាជនម្ចាស់ឆ្នោត។   ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ ឯកឧត្តម ទិត សុធា  បានក្រើនរំលឹកឱ្យមន្ត្រីមូលដ្ឋានខិតខំក្នុងការផ្តល់សេវាអាទិភាពជូនប្រជាជនឱ្យបានទាន់ពេលវេលា ដូចជាការធ្វើអត្តៈសញ្ញាណបណ្ណដែលផុតសុពលភាព ខូច ឬបាត់បង់ និងជំរុញការធ្វើអត្តៈសញ្ញាណបណ្ណដល់យុវជនគ្រប់អាយុឱ្យបានឆាប់រហ័ស ដើម្បីជាឯកសារចាំបាច់សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី៧ ខែតុលាដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ  និងសូមបន្តយកចិត្តទុកដាក់កសាងសមាជិកបក្សបន្ថែមទៀតឱ្យបានច្រើន ដើម្បីបានជាកម្លាំងគាំទ្រចូលរួមក្នុងជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទទាក់ទង