សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ 

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អ្នកផ្សះផ្សាឯករាជ្យទាំងបួនរូបបានស្នើសុំពេលវេលាបន្ថែមទៀតដើម្បីពិចារណាឱ្យបានហ្មត់ចត់ថា គួរតែងតាំងឥស្សរជនរូបណាជាប្រធានគណៈកម្មការផ្សះផ្សាហើយកម្ពុជានិងថៃបានឯកភាពនឹងមតិស្នើសុំនេះ។ ពេលវេលាបន្ថែមដែលស្នើដោយអ្នកផ្សះផ្សាដើម្បីពិចារណាលើការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាគឺមានលក្ខណៈសមរម្យនិងសមស្របទាំងស្រុងដោយយោងលើសារៈសំខាន់នៃការតែងតាំងក៏ដូចជាដំណើរការផ្សះផ្សាទាំងមូល។ ការស្នើសុំពេលវេលាបន្ថែមនេះនឹងពុំមានផលប៉ះពាល់ទៅលើថេរវេលាកំណត់ឬជំហាននីតិវិធីណាមួយក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសក៏បានគូសបញ្ជាក់បន្ថែមថា ការណ៍នេះឆ្លុះបញ្ចាំងពីនីតិវិធីដ៏លំបាកដែលអ្នកផ្សះផ្សាកំពុងអនុវត្តហើយបានថ្លែងអំណរគុណចំពោះភាពហ្មត់ចត់របស់អ្នកផ្សះផ្សាទាំងអស់និងសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្តចំពោះដំណើរការនេះហើយកម្ពុជាត្រៀមជំរុញទៅមុខនូវការដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង