ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ
(សេអ៊ូល)៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
ពិធីបើកនេះមានការអញ្ជើញចូលរួមពីលោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ និងលោក Pakorn Niprapunt អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋនៃព្រះរាជាណាចក្រថៃ។ គោលបំណងនៃពិធីនេះ គឺជាការផ្តួចផ្តើមពិភាក្សារៀបចំបង្កើត
ក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ជាអង្គការអន្តររដ្ឋាភិបាលមួយសម្រាប់កិច្ចសហការផ្នែកនីតិកម្មនៅតំបន់អាស៊ីនៅឆ្នាំ២០៣០។
ជាកិច្ចចាប់ផ្តើម, លោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត។ លោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងអំពីគោលបំណងនៃការបង្កើតក្រុមប្រឹក្សានេះ និងបានជម្រាបជូនអំពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤-២០២៥ ជូនអង្គប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់។
ក្នុងសុន្ទរកថាបើកក្នុងពិធីខាងលើនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី គឺជាចំណុចចាប់ផ្តើមក្នុងកិច្ចសហការផ្នែកនីតិកម្មរវាងប្រទេសនៅតំបន់អាស៊ី។ លើសពីនេះ ការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នឹងក្លាយជាបណ្តាញដ៏សំខាន់មួយដែលអនុញ្ញាតឱ្យមានសុខដុមនីយកម្មក្នុងក្របខ័ណ្ឌច្បាប់, លើកកម្ពស់ឧត្តមានុវត្តន៍, និងគាំទ្រគ្នាទៅវិញទៅមកក្នុងបរិការណ៍វិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោកលើកិច្ចការនីតិកម្ម។ តាមរយៈក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីនេះ អ្នកជំនាញការច្បាប់, អ្នករៀបចំគោលនយោបាយ, និងអ្នកតាក់តែងច្បាប់និងអនុម័តច្បាប់អាចធ្វើការរួមគ្នាជាបណ្តាញ ដើម្បីពង្រឹងសមាហរណកម្មតំបន់ និងធានាថាប្រព័ន្ធច្បាប់របស់ប្រទេសនានាអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរអំពីគោលការណ៍នីតិរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានទទួលស្គាល់ដើម្បីធានាថា ច្បាប់គឺសម្រាប់ទាំងអស់គ្នា, គ្រប់គ្នាស្មើភាពគ្នាចំពោះមុខច្បាប់ និងគ្មាននរណាម្នាក់នៅលើច្បាប់។
លើសពីនេះ ច្បាប់ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានានារបស់សង្គម, មិនមែនបង្កើតបញ្ហា ឬបង្កើនបន្ទុក ឬផ្តល់សម្ពាធសម្រាប់មនុស្ស និងសង្គមទេ។ ជាក់ស្តែង ក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារ ច្បាប់ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់យន្តការទីផ្សារ ដើម្បីពង្រឹងប្រសិទ្ធភាព និងអត្ថប្រយោជន៍នៃប្រព័ន្ធ។ ច្បាប់ត្រូវជំរុញផលិតភាពនិងនវានុវត្តន៍ ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំបំពេញការងារ ក្រោមក្របខ័ណ្ឌនៃភាពប្រកួតប្រជែងនិងស្មើភាពដោយមានឱកាសស្មើៗគ្នា និងរីកចម្រើនទាំងអស់គ្នា។
ក្នុងន័យនេះ ក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហារួមគ្នាផ្នែកច្បាប់, សម្រេចបាននូវកិច្ចសហការក្នុងដំណើរការនៃការបង្កើតច្បាប់, ការផ្លាស់ប្តូរព័ត៌មានអំពីច្បាប់នៃប្រទេសជាសមាជិក, និងកិច្ចសហការក្នុងការកែសម្រួលច្បាប់។ តាមរយៈ ក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី យើងប្តេជ្ញានឹងធ្វើការរួមគ្នា ប្រមូលផ្តុំនូវចំណេះដឹងនិងកម្លាំងរួមគ្នា ដើម្បីកសាងអាស៊ីមួយដែលមានសាមគ្គីភាព ភាពធន់ និងភាពឧត្តុង្គឧត្តម។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបញ្ជាក់អំពីជំនឿចិត្តថា យើងទាំងអស់គ្នានឹងអាចកសាងស្ថាប័នមួយដែលឈរលើស្មារតីកិច្ចសហការ និងក្លាយជាក្តីសង្ឃឹមនៃប្រជាជនគ្រប់ជំនាន់ ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ច វិបុលភាព និងសុខដុមរមនាក្នុងតំបន់។
នាចុងបញ្ចប់នៃពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ក៏មានការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី រវាងឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត, លោក Lee Wan-kyu, និងឯកឧត្តម Pakorn Niprapunt ដោយបានកំណត់អំពីបែបបទនិងដំណើរការនៃការងារក្នុងការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងបានកំណត់ឱ្យមានកិច្ចពិភាក្សាដើម្បីឈានដល់ការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ក្នុងការបង្កើតក្រុមប្រឹក្សានេះនៅឆ្នាំ២០២៥ខាងមុខ៕