កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

ភ្នំពេញ ៖ ឯកឧត្តម លឹម ជ័យទ័ត្ត ទីប្រឹក្សា ក្រសួងព័ត៌មាន និងជានាយករងខុទ្ទកាល័យ លើកឡើងថា កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ បង្ហាញពីសក្តានុពល និងការអភិវឌ្ឍព្រមទាំងបំផុសមោទនភាពជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងកម្មវិធីសន្ទនាមតិ “ជីវិតយើង សង្គមយើង” នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឯកឧត្តម លឹម ជ័យទ័ត្ត ទីប្រឹក្សា ក្រសួងព័ត៌មាន និងជានាយករងខុទ្ទកាល័យ មានប្រសាសន៍ថា ហ្វ្រង់កូហ្វូនី គឺជាសហគមន៍អន្តរជាតិនៃបណ្តាប្រទេស និងរដ្ឋាភិបាលដែលប្រើប្រាស់ ឬចែករំលែកភាសាបារាំង។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ រួមមាន៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨, ការតាំងភូមិវប្បធម៌ហ្វ្រង់កូហ្វូន (នៅមុខវត្តបទុមវតី) និងពិព័រណ៍បច្ចេកវិទ្យា-សេដ្ឋកិច្ច FrancoTech (នៅមជ្ឈមណ្ឌលកោះពេជ្រ)។ ក្នុងគោលបំណង ៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកវប្បធម៌ អប់រំ ភាសា សន្តិភាព និងប្រជាធិបតេយ្យ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំពោះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ មានថ្នាក់ដឹកនាំកំពូលៗ ប្រមាណ៩០ប្រទេសចូលរួម និងឥស្សរជនសំខាន់ៗរបស់កម្ពុជាដែលគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រួមមាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលៗ។

” កិច្ចប្រជុំហ្វ្រង់កូហ្វូនីដែលកម្ពុជាយើងទទួលធ្វើជា ម្ចាស់ផ្ទះគឺដោយសារតែមូលបទនៃកិច្ចប្រជុំកំពូលនៅពេលនេះគឺរួមគ្នាបន្តកសាងសន្តិភាពដើម្បីវិបុលភាពរួម និងស្ថេរភាពយូរអង្វែងនៅក្នុងមូលបទមួយនេះ គឺយើងនឹងបន្តពិភាក្សារួមគ្នាធ្វើយ៉ាងណាដើម្បីកសាងសន្តិភាពជូនទៅដល់ពិភពលោករបស់យើង នឹងស្វែងរកវិបុលភាពរួមនៅក្នុងចំណោមប្រទេសដែលនិយាយភាសាបារាំង និងបណ្តាប្រទេសផ្សេងៗទៀត ។ ដែលយើងសហការរួមគ្នាធ្វើយ៉ាងណា ដើម្បីសន្តិភាពពិភពលោកគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជារបស់យើង ជាពិសេសគឺវិស័យព័ត៌មាននេះដែលនឹងចូលរួមលើកនូវមុខមាត់ គុណតម្លៃ និងកិត្យានុភាពប្រទេសកម្ពុជាយើងនៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាជំនួបកម្រិតកំពូលរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិក និងអ្នកសង្កេតការណ៍នៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និយាមពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។ដោយឡែកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នេះ នឹងផ្តល់ឱកាសដើម្បីពង្រឹងទំនាក់ទំនងរវាងសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងដើម្បីលើកកម្ពស់តួនាទីរបស់កម្ពុជាដែលកំពុងកើនឡើងនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនីហើយកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួននឹងត្រូវបានចុះហត្ថលេខា ខណៈដែលការផ្លាស់ប្តូរវប្បធម៌នឹងបង្ហាញជូននូវបេតិកភណ្ឌភាសា និងវប្បធម៌ដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង