ថ្ងៃដំបូងឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បេ្តជ្ញាចិត្ដប្រកបដោយការទទួលខុសត្រូវខ្ពស់បំពេញតួនាទីភារកិច្ចជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល

ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

បន្ទាប់ពីទទួលបានការបោះឆ្នោតជាប់ ក្លាយជាប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបេ្តជ្ញាចិត្ដប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ជាមួយនឹងទទួលយកការទទួលខុសត្រូវដ៏ខ្ពស់បំផុតនេះ ប្រកបដោយការប្តេជ្ញាចិត្ត និងដោយដឹងច្បាស់ពីសារៈសំខាន់ដ៏ជ្រាលជ្រៅ ស្ថាប័នរបស់យើងនៅក្នុងដំណើរការកសាង និងពង្រឹងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី ក៏ដូចជាក្នុងការថែរក្សាគុណតម្លៃគ្រឹះ នៃសង្គមរបស់យើង។

បន្ថែមលើការបេ្តជ្ញាចិត្ដខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្វាយនូវការថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ និងជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការប្រទាន និងផ្ដល់សេចក្ដីទុកចិត្ដមកលើសម្ដេច។

ជាមួយគ្នា សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលមុន ព្រមទាំងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អតីតអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អតីតអនុប្រធានទី២ ដែលការលះបង់ និងដឹកនាំ បានជួយពង្រឹងស្ថាប័ន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក៕

បញ្ចេញមតិ
អត្ថបទទាក់ទង