សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបញ្ចេញសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋ

ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលកំណត់ អនុវត្ដសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការទៅចូលរួមបោះឆ្នោតគឺជាការចូលរួមបំពេញកាតព្វកិច្ចនិងសិទ្ធិរបស់យើងជាប្រជាពលរដ្ឋ។

ក្នុងនោះសម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូររាជរដ្ឋាភិបាលគឺធ្វើឡើងតាមរយៈរឿងបីប្រភេទ៖ ទី១, ការធ្វើរដ្ឋប្រហារ ទី២, ការប្រមូលប្រជាជនធ្វើបដិវត្ដពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល និងទី៣, លទ្ធិប្រជាធិបតេយ្យ ពោលគឺការបោះឆ្នោត។

សម្ដេចធិបតីសង្កត់ធ្ងន់ថា នៅកម្ពុជាការផ្លាស់ប្ដូររដ្ឋាភិបាលគឺធ្វើឡើងតាមរយៈការបោះឆ្នោត ដែលតំណាងឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានសិទ្ធិ១០០%ក្នុងការបោះឆ្នោត ដែលការណ៍នេះជាការស្ទង់មតិពិតប្រាកដ មិនមែនស្ទង់មតិតាមហ្វេសប៊ុក។ ដូច្នេះប្រជាពលរដ្ឋត្រូវអនុវត្ដសិទ្ធិតាមប្រជាធិបតេយ្យ ដើម្បីការជ្រើសរើសមេដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យ ដើម្បីធានាបាននូវសន្ដិភាព និងស្ថេរភាពនៅក្នុងប្រទេសរបស់យើង៕

បញ្ចេញមតិ
អត្ថបទទាក់ទង