ពលករខ្មែរនាំគ្នាសម្រុកចូលមកស្រុកកំណើតតាមច្រកប៉ោយប៉ែត ដើម្បីជួបជុំគ្រួសារក្នុងឱកាសសង្ក្រាន្តខាងមុខ

ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការជួយសម្រួលឱ្យបងប្អូនពលករខ្មែរ វិលត្រឡប់មកស្រុកកំណើតដោយចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ តាមរយៈការលើកលែងតម្លៃសេវាលិខិតឆ្លងដែន/លិខិតធ្វើដំណើរលើពលករកម្ពុជាដែលទៅធ្វើការនៅបរទេសនិងមានទិដ្ឋាការការងារ និងដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តមឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ និងប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានអញ្ជើញដឹកនាំកម្លាំងចំនួន១២នាក់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ។

នាឱកាសនោះផងដែរ មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ឆ្នាំ២០២៤នេះ ខុសប្លែកពីឆ្នាំមុនៗ ដែលប្រជាពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រឡប់ចូលមកស្រុកកំណើតនៅដើមខែបែបនេះ ព្រោះជារៀងរាល់ឆ្នាំ លុះត្រាតែកៀកថ្ងៃសង្ក្រាន្តហើយ ទើបពួកគាត់សម្រុកមកច្រើន។

ទន្ទឹមនោះ ក្រុមការងារក៏បានផ្តល់អំណោយឧបត្ថម្ភដល់ពលករទាំងនោះ ក្នុងម្នាក់ទទួលបាន កន្សែង១ នំបុ័ង១ដើម និងទឹកសុទ្ធ១ដប៕

បញ្ចេញមតិ
អត្ថបទទាក់ទង