សម រង្ស៊ីនឹងអស់លក្ខណ៍ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទោះបីជាសម្រេចចិត្តវិលត្រឡប់ ឬមិនវិលត្រឡប់មកប្រទេសកម្ពុជាវិញ
ក្រោយពីផ្លាស់ប្តូរពេលវេលាម្តងហើយម្តងទៀតតាមអំពើចិត្ត ម្តងថាមកឆ្នាំនេះ ម្តងថាមកឆ្នាំនោះ ម្តងថាមកខែនេះម្តងថាមកខែនោះ ម្តងថាមិនប្រាប់ថ្ងៃពិតប្រាកនៃការវិលត្រឡប់ដើម្បីធ្វើឱ្យរដ្ឋាភិបាលកម្ពុជាស្លន់ស្លោរ ភាពក្រឡិចក្រឡុចទាំងនេះធ្វើឱ្យសាធារណមតិជាតិនិងអន្តរជាតិរាប់ទាំងសកម្មជនរបស់ខ្លួនផងអស់ជំនឿ មានភាពធុញទ្រាន់ទ្រលាន់ ខ្ពើមឆ្អើមនឹងការភូតភរបោកប្រាស់ម្តងហើយម្តងទៀតដែលទណ្ឌិតសែស្រឡាយក្បត់ជាតិ សម រង្ស៊ី តែងតែធ្វើតាំងពីយូរមកហើយ។ ដើម្បីស្វែងរកការគាំទ្រឡើងវិញ ខណៈខ្លួនត្រូវធ្វើដំណើរទៅប្រទេសអូស្ត្រាលីជួបបងប្អូនខ្មែរ មួយចំនួនតូចនៅគាំទ្រខ្លួន ទណ្ឌិតសម រង្ស៊ី បានប្រើប្រាស់រូបភាពខ្មោចគណបក្សសង្គ្រោះជាតិដែលខ្លួនបានឃុបឃិតធ្វើបក្សប្រហារដណ្តើមការគ្រប់គ្រងកម្លាំងនៅសេសសល់ពី កឹម សុខា ជាមួយ មូរ សុខហួរ និងអេង ឆៃអ៊ាង ដោយប្រកាសកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ខួប៦៦ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិដើម្បីវិលចូលប្រទេសកម្ពុជាវិញ។ តាមពិតត្រឹមតែក្មេងបៀមដៃក៏អាចទស្សន៍ទាយដឹងពីក្រយៅពិតរបស់ សម រង្ស៊ី ដែរ ហើយក៏អាចដឹងថាជនក្បត់ជាតិ សម រង្ស៊ី នេះទាល់តែយូរហ៎ស បានហ៊ានវិលត្រឡប់មកកម្ពុជាវិញ ខណៈខ្លួនមានសំណុំរឿងស្អេកស្កះជាប់គាត់ សំណុំរឿងខ្លះមានទោសជាស្ថាពរ និងសំណុំរឿងខ្លះត្រូវបានតុលាការចេញដីកាចាប់ខ្លួន ហើយខ្នោះនិងគុកព្រៃសក៏បានត្រៀមរួចស្រេចទៅហើយ។
ចុះបើសម រង្ស៊ី មិនហ៊ាន វិលត្រឡប់មកស្រុកខ្មែរវិញ ហើយសមរង្ស៊ីខ្លួនឯងក៏ដឹងច្បាស់ខ្លួនឯងមិនហ៊ានវិលវិញ ហេតុអ្វីបានជា ទណ្ឌិត សម រង្ស៊ី និងគូកនក្នុងនោះមាន អេង ឆៃអ៊ាង និងមូរ សុខហួរ នៅតែប្រកាសថាសម រង្ស៊ី នឹងបក្ខពួកនឹងវិលត្រឡប់នៅ ថ្ងៃទី៩ ខែវិច្ឆិកា? វិទ្យុឯករាជ្យលម្អៀងផ្កាប់មុខអាស៊ីសេរីដែលមាន ជុន ច័ន្ទបុត្រ ដឹកមុខ ក៏បានបំប៉ោងនិងបែបគេងចំណេញនយោបាយថាទណ្ឌិត សម រង្ស៊ី និងមន្ត្រីខ្មោចបក្សសង្គ្រោះជាតិដែលកំពុងរត់ចោលស្រុកនឹងវិលចូលមកកម្ពុជាវិញ ដោយមានសមាជិកសភាអឺរ៉ុបមួយចំនួនអមដំណើរផង ហើយថាដំណើរវិលត្រឡប់នេះដើម្បីទៅដោះស្រាយ ការជាប់គាំងនិងបញ្ហាប្រឈមទាំងឡាយរបស់ជាតិ ជា ពិសេសការជួយកុំឱ្យមានការដកប្រព័ន្ធ អនុគ្រោះពន្ធ EBA។ ស្តាប់ភ្លាមដូចជាហំណាស់ ប៉ុន្តែពិនិត្យឱ្យច្បាស់ ទៅវាគ្រាន់តែឆាកល្ខោនបង្កើតឡើងដើម្បីចិញ្ចឹមចលនាឧទ្ទាមរបស់ខ្លួន ធ្វើតេស្តទឹកចិត្តអតីតសកម្មជនរបស់ខ្លួនដែលកាន់តែអស់ជំនឿលើក្រុមប្រឆាំង ហើយការប្រកាសនេះគឺគ្រាន់តែដើម្បីចង់ដឹងថាមានអ្នកគាំទ្រខ្លួនដែរឬទេ និងដើម្បីដឹងថាបរទេសដែលអះអាងថានឹងអមដំណើរខ្លួនមកកម្ពុជានៅតែហ៊ានចេញមុខទៀតដែរឬទេ? ទណ្ឌិតក៏ចង់ដឹងកម្លាំងដែលនៅគាំទ្ររបស់ខ្លួនប៉ុនណាដែរក្រោយពីបែកបាក់ពី កឹម សុខា និងចង់ដឹងថាតើអាជ្ញាធររាជរដ្ឋាភិបាលដែលបានប្រកាសត្រៀមវាយខ្នោះខ្លួននឹងមាន ប្រតិកម្មតបតយ៉ាងណា?
ការប្រកាសកំណត់យកថ្ងៃទី៩ វិច្ឆិកា វិលចូលស្រុករបស់សម រង្ស៊ី នេះត្រូវបានគេជឿថាគ្រាន់តែ ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ក្រុមខ្លួនប៉ុណ្ណោះ ជាពិសេសនៅពេលខ្លួនជិតធ្វើដំណើរទៅប្រទេសអូស្ត្រាលីជួបជុំអ្នកគាំទ្រខ្លួន។ នេះអាចជាល្បិចកលរៃអង្គាសលុយឱ្យបានច្រើនថែមទៀត បន្ថែមពីលើគម្រោងផែនការលើកមុនដែលថាចំណាយថវិកា ៣០ ម៉ឺនដុល្លារដើម្បីដំណើរវិលត្រឡប់មកកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៊ី ខណៈសំបុត្រយន្តហោះមានតម្លៃមិនដល់ ៥ ពាន់ដុល្លារផងសម្រាប់កៅអីថ្លៃ។ ហេតុអ្វីបានជាត្រូវការលុយច្រើនម៉្លេះ? ចុះទម្រាំលើកនេះមានអ្នកហែរហមទៀត តើគម្រោងនេះនឹងត្រូវកើនប៉ុន្មាន សិបម៉ឺនដុល្លារ? អាចមិនមែនតិចទេ! ក្រោយពីអាជីពនយោបាយរបស់ខ្លួនត្រូវបានបំផ្លាញដោយផែនការ បដិវត្តន៍ពណ៌ដែលមានបរទេសនៅពីក្រោយខ្នងនោះ ក្រុមប្រឆាំងហាក់បាត់បង់ប្រភពចំណូល លែងបោកប្រាស់អ្នកក្នុងស្រុកបាន ហើយបងប្អូនខ្មែរនៅក្រៅប្រទេសក៏បាត់បង់ទំនុកចិត្តដោយសារតែឃើញតែរៃអង្គាសប្រាក់ ធ្វើបាតុកម្មក៏ដាក់ហិបមូលនិធិ ប៉ុន្តែ មិនបានឃើញសាច់ការអ្វីជាដុំកំភួនឡើយ ឃើញតែពីជិះយន្តហោះទៅនេះទៅនោះ ដើរចាយវាយ និងជិះយន្តហោះដើរលេងច្រើនអស់លុយរលីង។ បន្ថែមលើនេះ វីដេអូបែកធ្លាយនៅថ្ងៃទី១៦ ខែសីហានេះ បង្ហាញថា អេង ឆៃអ៊ាង ចូលលេងល្បែងនៅកាស៊ីណូនៅអាមេរិកទៀត។ លេងស្រុកខ្មែរមិនឆ្អែត ដល់ពេលរត់ចោលស្រុកទៅសម្ងំលាក់ខ្លួននៅអាមេរិក ក៏ងប់នឹងល្បែងទៀត។ ទំនងជាអស់លុយដោយសារតែដើរលេងច្រើន និងក្រុមខ្លួនខ្លះចាញ់ល្បែង បានត្រូវរៀបចំផែនការបោកប្រាស់សាជាថ្មីថា សម រង្ស៊ីនឹងមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីប្រមែរប្រមូលលុយមកចែកគ្នាចាយ ដោយមិនខ្វល់នឹងអ្នកបរិច្ចាកដែលខិតខំប្រឹងប្រែងធ្វើការគ្មានពេលសម្រាក ចាកពីផ្ទះពីព្រឹកយប់បានមកដល់ផ្ទះ តែតរូវយកលុយជាទឹកញើសខ្លួនមកឱ្យក្រុមអ្នកនយោបាយបោកប្រាស់ និងញៀនល្បែងចាយវាយដោយសេរី និងយកទៅលេងល្បែងទៅវិញ ក្រោមលេសដើម្បីមកស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ទណ្ឌិត សម រង្ស៊ី នឹងគ្មានភាពក្លាហានវិលចូលប្រទេសកម្ពុជាវិញដូចខ្លួនប្រកាសឡើយ។ នៅជិតដល់ថ្ងៃត្រូវវិលមកវិញ ជនក្បត់ជាតិរូបនេះនឹងស្វែងរកលេសរាប់ជំពូកដើម្បីការពារការសម្រេចចិត្តមិនមកតាមការ ប្រកាសរបស់ខ្លួន។ ប៉ុន្តែសម រង្ស៊ី គួរដឹងថាការប្រកាស កំណត់ថ្ងៃទី៩ វិច្ឆិកា ថានឹងវិលត្រឡប់មកវិញ គឺជាការ កំណត់ថ្ងៃអន្សាសម្រាប់ជីវិតនយោបាយរបស់ខ្លួន ហើយអ្នកដែលនឹងទទួលផលចំណេញគឺអ្នកដែលនៅជុំវិញខ្លួន ហើយជាពិសេសក្រុម កឹម សុខា និយមដែល បាននិងកំពុងសម្ងំទទួលផលពីការដើរយុទ្ធសាស្ត្រខុស ម្តងហើយម្តងទៀតក្នុងឆាកនយោបាយ។ ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃឯករាជ្យជាតិខ្មែរ ប៉ុន្តែនឹងក្លាយជាថ្ងៃអន្សារបស់ សម រង្ស៊ី យ៉ាងពិតប្រាកដព្រោះ៖
ទី១-ប្រសិនបើសម រង្ស៊ី មិនវិលចូលកម្ពុជាដូចការប្រកាស សម រង្ស៊ី នឹងចប់នៅលើគ្រប់សមរភូមិ លើសមរភូមិនយោបាយគឺជាមនុស្សកុហកអាជីព កំសាកញី ជាអ្នកនយោបាយមាន់សម្លរ។ សម រង្ស៊ី នឹងមិនអាចស្រោចស្រង់ជីវិតនយោបាយខ្លួនហើយ ហើយនឹងឈានទៅដល់ការចោលឆ្អឹងនៅបរទេសដូចខ្មោចឪពុកខ្លួន សម សារី ដូច្នោះដែរ។ លើតម្លៃសីលធម៌ សម រង្ស៊ី នឹងគ្មានតម្លៃអ្វីទាំងអស់ គ្រាន់តែជមនុស្សកុហកបោកប្រាស់អាជីព។ ពេលនោះ អ្វីៗសម្រាប់ សម រង្ស៊ី នឹងចប់ ហើយរស់នៅទាំងក្តៅអាម៉ាស់។ រស់ដោយគ្មានកិត្តិយស ស្លាប់ទៅក៏គ្មាននរណាស្រណោះ។
ទី២-ប្រសិនបើសម រង្ស៊ី ក្លាហានហ៊ានចូលស្រុកដូចខ្លួនបានប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកាមែន នោះនឹងត្រូវបានស្វាគមន៍នៅគ្រប់កន្លែងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសពីសំណាក់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចព្រោះកម្លាំងការពារជាតិទាំងអស់បានត្រៀមគ្រប់ពេល និងគ្រប់កន្លែងដើម្បីស្វាគមន៍អ្នកក្លាហានគង់ហ៊ាន សម រង្ស៊ី ចូលគុក ហើយជីវិតដែលនៅសេសសល់របស់ទណ្ឌិត រូបនេះទំនងសងមិនអស់ចំពោះទោសដែលខ្លួនមានដែលជាការធ្លុះបញ្ចាំងពីទង្វើល្មើសច្បាប់ជច្រើនរបស់ខ្លួន។ ខ្នោះនិងគុកព្រៃសនៅតែរង់ចាំទណ្ឌិត សម រង្ស៊ី ជានិច្ច ហើយអ្នកដែលទៅហែរហមជនក្បត់ជាតិដែលប្រកាសចូលមកស្រុកខ្មែរជាមួយគម្រោងបដិវត្តន៍ពណ៌ ក៏នឹងត្រូវប្រឈមមុខនឹងច្បាប់ជាធរមានដែរ ព្រោះជាទង្វើខុសច្បាប់។
ដូច្នេះការប្រកាសកំណត់ថ្ងៃវិលចូលស្រុកខ្មែរវិញនេះ គឺជាកំហុសយុទ្ធសាស្ត្រធំណាស់របស់ សម រង្ស៊ី ព្រោះមិនចូលក៏ចប់ និងចូលមកវិញក៏ចប់។ អ្វីដែល សម រង្ស៊ី ប្រកាសវិលត្រឡប់មកថ្ងៃទី៩ ខែវិច្ឆិកា គ្រាន់តែជាលេសដើម្បីរៃអង្គាសលុយព្រោះ ពួកគេបានដើរហើរចាយវាយយ៉ាងសេរីនូវប្រាក់របស់ សកម្មជនខ្លួន ហើយពួកគេខ្លះដូចជា អេង ឆៃអ៊ាង ចាញ់ល្បែងអស់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ការសម្រេចមមិនមកកម្ពុជាវិញមិនមែនអំនៅលើ សម រង្ស៊ីទេ គឺការសម្រេចចិត្តនៅលើលោកស្រី ជូឡុង សូមួរ៉ា ដែលគេដឹងថាជាអ្នកមានសិទ្ធិធំ។ តើលោកស្រី ជូឡុង សូមួរ៉ា ហ៊ានឱ្យស្វាមីរបស់ខ្លួនអាយុ ៧០ ឆ្នាំមក ចូលគុកទេ? មានជំងឺផ្លូវចិត្តនៅជាប់នឹងខ្លួនក្រោយពី បរាជ័យក្នុងការបោះឆ្នោតជាច្រើនអាណត្តិចាញ់គណបក្សប្រជាជនកម្ពុជា ចាញ់សម្តេចតេជោ ហ៊ុន សែន តើលោកស្រី ជូឡុង សូមួរ៉ា សុខចិត្តឱ្យ សម រង្ស៊ី ជាប់គុក ដើម្បីធ្វើនយោបាយដូច ណែលសុន ម៉ាន់ដឺឡា ទេ?
ពិតណាស់ លោកស្រី ជូឡុង សូមួរ៉ា នឹងមិនអាចឱ្យសមរង្ស៊ី វិលចូលកម្ពុជាវិញឡើយខណៈគុកនិងខ្នោះនៅចំពោះមុខ ហើយបើជាប់គុកមួយជីវិតក៏មិនអាចនឹងសងទោសអស់ដែរ។ ចុះបើ ជូឡុង សូមួរ៉ា វិលចូលប្រទេសជាមួយសម រង្ស៊ី តើកូនៗនិងចៅៗខ្លួនសុខចិត្តឱ្យចូលមកទេ? ពិតជាអត់ឡើយ! សមរង្ស៊ី ធ្លាប់បាននិយាយក្តែងៗថា ខ្លួនមិនភ្លើចូលមកឱ្យរដ្ឋាភិបាលចាប់ដូច កឹម សុខា ឬត្រូវស្លាប់ឥតប្រយោជន៍ដូច កែម ឡី ឡើយ។ ចុះបើមកដល់កម្ពុជាដឹងតែជាប់គុកព្រោះគ្មានការលើកលែងទោសណាមួយឱ្យខ្លួនផង តើ សម រង្ស៊ី ហ៊ានវិលចូលបរទេសកម្ពុជាវិញតាមការប្រកាសទេ? អ្នកនយោបាយមាន់សម្លរ សម រង្ស៊ី ពិតជាមិនហ៊ាននឹងវិលចូលស្រុកវិញឡើយ ហើយការប្រកាសថ្ងៃនេះថានឹងវិលចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា គ្រាន់តែជាករារបោកប្រាស់ដើម្បីរៃអង្គាសលុយតែប៉ុណ្ណោះ ហើយប្រសិនបើសម្រេចវិលវិញ សូមប៉ុស្តិ៍ឱ្យគេដឹងផងថា បើវិលតាមអាកាស ទិញជើងហោះហើរក្រុមហ៊ុនណា? តាមផ្លូវគោក ចូលតាមច្រកណា? តាមផ្លូវទឹក តាមច្រកណា ប្រសិនបើក្លាហានវិលចូលកម្ពុជាវិញ និងថែមទាំងប្រកាសថ្ងៃហើយនោះ!
ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩