លិខិតមិត្តអ្នកអាន៖ «ហេតុអ្វីលោក ហ៊ុន សែនត្រូវបំបែកល្បិចពិសពុលក្នុងរឿងហូបនំបញ្ចុក! »
រឿងហូបនំបញ្ចុក បើគិត មួយភ្លែតទៅដូចជារឿងកំប្លែង។ ប៉ុន្តែបើ គិតឲ្យស៊ីជម្រៅ វាពិតជារឿងមិនធម្មតាប៉ុន្មានឡើយ។
ជាបឋម គេគួរយល់ថា ការជួបជុំហូបនំបញ្ចុកត្រូវបានក្រុមអតីតប្សប្រឆាំងដឹកនាំដោយលោកសម រង្ស៊ី ប្រើប្រាស់ជាយុទ្ធវិធីបន្លំភ្នែកអាជ្ញាធរមានសមត្ថកិច្ចដើម្បីបិទបាំងការរៀបចំរចនាសម្ព័ន្ធនយោបាយក្រៅច្បាប់របស់ខ្លួន។ ដោយទទួល បានលុយកាក់ពីក្រៅប្រទេស ក្រុមសកម្មជនមួយចំនួនរបស់អតីបក្សប្រឆាំងដូចជានៅខេត្តបាត់ដំបង ឈ្មោះ រ៉ូហ្សែត ។ល។បានព្យាយាមបង្កើតឡើងវីញនូវ បណ្តាញរបស់ខ្លួននៅក្នុងប្រទេសដើម្បីធ្វើសកម្មភាពនយោបាយប្រឆាំងនឹងសាល
ដីកាតុលាការកំពូលតាមបញ្ជារបស់ សម រង្ស៊ី ពីក្រៅប្រទេស។ ប៉ុន្តែ ក្រោយពីផែនការសម្ងាត់ នេះត្រូវបានបំបែក ក្រុមគេក៏បាន បង្វែររឿងហូបនំបញ្ចុកនេះឲ្យទៅជារឿងនយោបាយ។ ពួកគេបានបង្វែរកំហុសទៅឲ្យ អាជ្ញាធរមានសមត្ថកិច្ចដោយចោទថា គ្រាន់តែស៊ីនំបញ្ចុកសោះក៏ហៅទៅសួរដែរ។
តាមពិត យើងក៍ដឹងដែរថា ការហូបនំបញ្ចុក នំគ្រក់ ឬពងទារកូន ។ល។ មិនមែនជាបញ្ហាអ្វីនោះទេ តែបញ្ហាគឺឲ្យតែមនុស្សប្រព្រឹត្តខុសច្បាប់នឹងត្រូវច្បាប់ចាត់ការ ហើយ។ បើច្បាប់ចាត់ការ ពេលអ្នកកំពុងហូបអាហារណាក៏ ដោយ យើងមិនអាចចងភ្ជាប់រឿងនេះទៅនឹងចំណីអាហារ នោះឲ្យទេព្រោះអាហារទាំង នោះគ្មានកំហុសទេ ដូចករណី នំបញ្ចុកនេះជាដើម។
ប៉ុន្តែ ល្បិចស៊ីនំបញ្ចុកនេះ តាមពិតទៅ គឺពិតជាល្បែងនយោបាយទុច្ចរិតប្រកបដោយគ្រោះថ្នាក់ដែលគេយកនំបញ្ចុកមកបិទបាំងតែប៉ុណ្ណោះ។
ក្រោយបែកការ ពួកមេដឹកនាំអតីតបក្សប្រឆាំងបានបំប៉ោង រឿងស៊ីនំបញ្ចុកឲ្យក្លាយជារឿង នយោបាយកាន់តែធំទៅៗ តាម រយៈការអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួននាំគ្នាស៊ីនំបញ្ចុកនៅថ្ងៃ ៩មិថុនា ខាងមុខនេះ។
ការអំពាវនាវនេះគឺជាសារនយោបាយដ៏ពិសពុលបំផុតរបស់ លោក សម រង្ស៊ី ពីព្រោះ ៖
ទី១៖ វាបានធ្វើឲ្យអ្នកលក់និងអ្នកចូលចិត្តបរិភោគនំបញ្ចុកមានអារម្មណ៍ទើសទាល់ដោយសារ តែពួកគេហាក់ត្រូវបានគេលាបពណ៌នយោបាយព្រោះតែសកម្មភាពលក់ ឬបរិភោគនំបញ្ចុក។
ទី២៖ វាជាសារនយោបាយដែលធ្វើឲ្យសង្គមខ្មែរទាំងមូលបែក បាក់គ្នាយ៉ាងខ្លាំងពីព្រោះតែមាន ការបែងចែករវាងអ្នកបរិភោគនំបញ្ចុកនិងអ្នកមិនបរិភោគនំបញ្ចុក។ ហើយបើនិយាយពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាវីញ គឺលែងខ្ចីហ៊ានបរិភោគ នំបញ្ចុក រីឯអ្នកគាំទ្របក្សផ្សេង ឬ អ្នកនិយមកណ្តាលក៏រអៀសខ្លួនមិនហ៊ានបរិភោគនំបញ្ចុកដែរព្រោះខ្លាចក្រុមអតីតបក្សប្រឆាំងរាប់បញ្ចូលពួកគេថាជាក្រុមរបស់ខ្លួនដែរ។
ទី៣៖ វាធ្វើឲ្យនំបញ្ចុកដែលជាអត្តសញ្ញាណខ្មែរក្លាយជាចំណាប់ខ្មាំងនយោបាយទាំងស្រុង។ នេះគឺជានយោបាយទុច្ចរិតដ៏អាក្រក់បំផុតរបស់លោកសម រង្ស៊ី។
ដោយមើលឃើញពីគ្រោះថ្នាក់ធំធេងដល់សង្គមខ្មែរ និងដល់អត្តសញ្ញាណជាតិបែបនេះហើយទើបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំរេចចិត្តត្រូវតែបំបែកផែនការទុច្ចរិតរបស់ សម រង្ស៊ី ចោលសារជាថ្មី។
ផែនការទុច្ចរិតនេះពិតជាជ្រៅ ប៉ុន្តែ ខ្ញុំយល់ថា វាជាល្បិចរាក់
កំផែលនៅក្នុងកែវភ្នែកលោក ហ៊ុន សែនដែលពោរពេញដោយបទពិសោធន៍ចាស់វស្សា។
យុទ្ធសាស្ត្ររុញទូកបណ្តាយទឹកដ៏សាមញ្ញក៏អាចបំបែកផែនការពិសពុលនេះបានយ៉ាងងាយនិងយ៉ាងមានប្រសិទ្ធភាពបំផុត។ លោក ហ៊ុន សែនបានប្រកាសឲ្យគ្រប់គ្នាហូបនំបញ្ចុក ហើយកំណត់ យកថ្ងៃ ៩មិថុនា ឆ្នាំ ២០១៩ ជាថ្ងៃរៀបចំហូបនំបញ្ចុកទូទាំងប្រទេសគឺចំថ្ងៃដែលមេដឹកនាំអតីតបក្សប្រឆាំងកំណត់ឲ្យក្រុម របស់ខ្លួនហូបនំបញ្ចុកដែរ។
សារសំខាន់មួយទៀតរបស់លោក ហ៊ុន សែន គឺ «នំបញ្ចុកឯកភាពជាតិ»។ សារនេះបាន បន្សាបពិសពុល «នំបញ្ចុកបំបែកបំបាក់ជាតិ»របស់ សម រង្ស៊ីទាំងស្រុង។
បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរម្នាក់ៗ អាចបរិភោគនំបញ្ចុកដោយ មោទនភាពនិងដោយចំហរ មិនថាអ្នកណាកាន់បក្សណាឡើយ។ ពួកគេមិនត្រឹមតែបរិភោគធម្មតា ប៉ុណ្ណោះទេ តែថែមទាំងនាំគ្នាថតបង្ហោះតាមហ្វេសប៊ុកព្រោងព្រាតទៀតផង។
ដូច្នេះ ស្នៀតរបស់លោក ហ៊ុន សែន ដើម្បីបំបែកពិសពុល «នំបញ្ចុកនយោបាយ» ឬ «នំបញ្ចុកបំបែកបំបាក់ជាតិ» របស់ សម រង្ស៊ី ពិតជាមាន
ប្រសិទ្ធភាពយ៉ាងលឿនរហ័សជាងអាំងទែរណែត5G
ពោលគឺ ស្នៀតនេះបានបំផ្លែងពិសបំបែកបំបាក់ជាតិរបស់ សម រង្ស៊ី ឲ្យទៅជាទឹកឃ្មុំដ៏ផ្អែមឈ្ងុយឆ្ងាញ់សម្រាប់ផ្សះផ្សារជាតិ ទៅវិញ៖
ទី១៖ បំផ្លែងពីការធ្វើឲ្យអ្នកលក់នំបញ្ចុកនិងអ្នកបរិភោគនំបញ្ចុកពីមានអារម្មណ៍ទើសទាល់ដោយសារការលាបពណ៌មកជាអ្នកលក់និងអ្នកបរិភោគនំបញ្ចុកដោយមោទនភាពវិញ ហើយលក់កាន់តែដាច់ជាងមុន។
ទី២៖ បំផ្លែងពីពិសនំបញ្ចុកបំបែកបំបាក់ជាតិឲ្យទៅជាទឹកឃ្មុំនៃ នំបញ្ចុកផ្សះផ្សារនិងឯកភាពជាតិ វិញពីព្រោះពីអំណឹះតទៅ នំបញ្ចុកខ្មែរគ្មានពណ៌នយោបាយទៀតឡើយ។
ទី៣៖ ស្នៀតរុញទូកបណ្តោយទឹករបស់លោក ហ៊ុន សែន បានរំដោះនំបញ្ចុកដែលជា
អត្តសញ្ញាណខ្មែរចេញពីចំណាប់ខ្មាំងនៃពិសរបស់លោកសម រង្ស៊ី ទាំងស្រុង។
ខ្ញុំកត់សំគាល់ឃើញថាបន្ទាប់ពីការប្រកាសរបស់លោក ហ៊ុន សែនមក នំបញ្ចុកខ្មែរពេលនេះកំពុងត្រូវប៉ាន់ហើយលក់មិនទាន់តម្រូវការផង។
នេះគឺជាអត្ថន័យនៃរឿងនំបញ្ចុកដែលខ្ញុំសូមបកស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យបានយល់ពីព្រោះអាចមានអ្នកខ្លះមិនទាន់យល់ពីអត្ថន័យដ៏ជ្រាលជ្រៅនេះឡើយ។
ហេតុដូច្នេះហើយទើបបានជាមានអ្នកគាំទ្រលោកសម រង្ស៊ី ផ្កាប់មុខខ្លះ រាប់ទាំងអ្នកដែលតាំងខ្លួនជាអ្នកចេះដឹងមួយចំនួនផង បានបង្ហើរសារបែបមិន
យល់សាច់ការអ្វីទាំងអស់ថា លោក ហ៊ុន សែន និយាយរឿងនំបញ្ចុកគឺដើរតាមក្រោយ លោក សម រង្ស៊ី។
ខ្ញុំយល់ថា ប៉ូលិសដែលរត់តាមពីក្រោយចោរមិនមែនធ្វើតាមចោរនោះទេ តែគឺដេញចាប់ចោរយកទៅញាត់គុក។
សរុបមកវិញ លោកសម រង្ស៊ី ពិតជាមានល្បិចពិសពុលខ្លាំងណាស់ក្នុងការបំបែកបំបាក់ជាតិតាមគ្រប់រូបភាពគឺអស់ពីល្បិចមួយចូលដល់មួយទៀតមិនចេះចប់មិនចេះហើយ។
ប៉ុន្តែ ខ្ញុំគិតថាស្រុកខ្មែរ យើងពិតជាមហាសំណាងហើយដែល មានលោកហ៊ុន សែន ធ្វើជានាយករដ្ធមន្ត្រីដឹកនាំប្រទេសកុំអីប្រទេសជាតិយើងមិនដឹងជាធ្លាក់ដល់ណាទេ ដោយសារតែ ល្បិចកលគ្រប់បែបយ៉ាងនិងគ្រប់រូបភាពរបស់ សម រង្ស៊ី ដែលសូម្បីតែនំបញ្ចុកក៍គាត់អាចទាញអោយទៅជារឿងនយោបាយបាន ដែរ។
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ