ឯកឧត្តម ទិត សុធា និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការក្នុងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានទៅគោរពវិញ្ញាណក្ខន្ធសពឧបាសក គឹម សយ ឪពុកបង្កើតរបស់ឯកឧត្តម គឹម ចាន់សំណាង អនុប្រធានអង្គភាព

ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះមតិខ្ញុំ - 0

នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងអង្គភាព បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក គឹម សយ ឪពុកបង្កើតរបស់ឯកឧត្តម គឹម ចាន់សំណាង អនុប្រធានអង្គភាព ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ដោយជរាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ។

កម្មវិធីបុណ្យបានប្រារព្ធធ្វើនៅក្នុងបរិវេណវត្ត ទឹកថ្លា ស្ថិតនៅក្នុងរាជធានីភ្នំពេញ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។ សព ឧបាសក គឹម សយ បានបូជានៅវេលាម៉ោង១១ព្រឹក ជាមួយធម្មសង្វេគ ដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក។

បន្ទាប់ពីទទួលដំណឹងនៃមរណភាព ភ្លាមៗអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សក៏បានផ្ញើជូនសារចូលរួមរំលែកមរណទុក្ខចំពោះ ឯកឧត្តម គឹម ចាន់សំណាងនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ!

ក្នុងសាររំលែកទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានសម្តែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបាត់បង់ឧបាសក គឹម សយ ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម គឹម ចាន់សំណាង ។

មរណភាពរបស់ ឧបាសក គឹម សយ គឺជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ដ៏ប្រពៃចំពោះក្រុមគ្រួសារ និងកូនចៅទាំងអស់ ។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ទិត សុធា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់គ្នាបានឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសក គឹម សយ ដែលបានធ្វើ កាលកិរិយាទៅហើយនេះ សូមបានឆាប់ចាប់បដិសន្ធិវិញ្ញាណ នៅទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

បញ្ចេញមតិ
អត្ថបទទាក់ទង