រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីទូរស័ព្ទមករដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ចប់ការថ្នាំងថ្នាក់ និងអះអាងថា សិង្ហបុរីគ្មានចេតនាការពារខ្មែរក្រហមឡើយ
ភ្លាមៗក្រោយពីការប្រតិកម្មដ៏ខ្លាំងក្លាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានទូរស័ព្ទទៅកាន់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដោយបានសុំការយោគយល់អធ្យាស្រ័យ និងបញ្ជាក់នូវការភ័ន្តច្រឡំទាំងឡាយ។
បើយោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ក្នុងកិច្ចសំណេះសំណាលតាមរយៈទូរស័ព្ទនោះ លោករដ្ឋមន្ត្រីការបរទេស Vivian បានបញ្ជាក់អះអាងថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ពុំមានចេតនាមិនល្អណាមួយក្នុងសារខាងលើនេះទេ។ សារនោះ គឺមានបំណងតែរំលឹកពីស្ថានភាព និងការប្រឈមក្នុងសម័យកាលនោះ ហើយក៏ធ្លាប់បានផ្សព្វផ្សាយជាសាធារណៈក្នុងពេលកន្លងមកដែរ។ ជាមួយគ្នានេះលោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានរំលឹកពីសេចក្តីប្រកាសរួមរបស់អាស៊ាននៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្នុងឆ្នាំ១៩៧៩ ដែលបានអះអាងពីសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជាចំពោះអនាគតរបស់ខ្លួន។ លោករដ្ឋមន្ត្រីការបរទេស Vivian បានបញ្ជាក់ថា សឹង្ហបុរីចង់បានតែសន្តិភាព និងវិបុលភាពសម្រាប់កម្ពុជាតែប៉ុណ្ណោះ ពុំមានបំណងណាមួយគាំទ្រខ្មែរក្រហម ហើយមិនចង់ឃើញរបបនេះវិលត្រឡប់មកកម្ពុជាវិញទេ។ សូមកុំឱ្យមានការសង្ស័យអ្វីលើភាពស្មោះត្រង់នេះ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីទាំងការបរទេសទាំងពីរ បានលើកឡើងថា ទោះបីប្រទេសទាំងពីរមានទស្សនវិស័យខុសគ្នាស្តីពីប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរនៅបន្តជាអ្នកជិតខាងល្អ ជាមិត្តដ៏ល្អនឹងគ្នា ហើយខិតខំបំភ្លេចអតីតកាល ដើម្បីបន្តរក្សាការសន្ទនា និងទំនាក់ទំនងល្អជាមួយគ្នាតទៅទៀត។ រដ្ឋមន្ត្រីការបរទេសទាំងពីរជឿជាក់ថា ជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូល ASEAN នាពេលដ៏ខ្លីខាងមុខ នឹងផ្តល់ឱកាសឱ្យភាគីទាំងពីរយល់គ្នាឱ្យកាន់តែច្បាស់រួមគ្នាពង្រឹងថែមទៀតនូវចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជានិងសឹង្ហបុរី ក៏ដូចជាជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ដើម្បីសន្តិភាព ស្ថេរភាព និងការរីកចម្រើនក្នុងតំបន់ និងពិភពលោក។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ដែរថា កម្ពុជាប្រកាន់ជំហរមិនឆ្កឹះអតីតកាលដើម្បីបង្កអន្តរាយដល់បច្ចុប្បន្នកាល និងទៅអនាគតឡើយ។ ប្រទេសទាំងពីរខិតខំរួមគ្នាធ្វើការជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយឯកភាព និងរឹងមាំ ដែលនេះគឺជាបំណងប្រាថ្នារបស់មេដឹកនាំ និងប្រជាជនអាស៊ានទាំងមូល។
សូមបញ្ជាក់ថា ការនាំឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ទូរស័ព្ទភ្លាមមកកាន់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានេះ បន្ទាប់ពីមានប្រតិកម្មជាច្រើនពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងការបរទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាផងដែរ ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុងថា វៀតណាមបានចូលឈ្លានពានកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០ កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅនេះ។ ប្រតិកម្មលើការលើកឡើងនេះ មិនត្រឹមតែកម្ពុជានោះទេ វៀតណាមក៏បានប្រតិកម្មផងដែរ។
ក្រសួងការបរទេសសិង្ហបុរីនៅថ្ងៃទី០៧ ខែមិថុនា នេះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងប្រតិកម្មនេះផងដែរ។ បើតាមសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី បានទូរស័ព្ទទៅឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមផងដែរ៕