ឆ្នាំវប្បធម៌ និង​ទេសចរណ៍កម្ពុជា-ចិន នឹងក្លាយជាចលករជំរុញការវិនិយោគ និងលំហូរទេសចរនៃប្រទេសទាំងពីរ

ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០១៩​ - កម្ពុជាថ្ងៃនេះ - 0

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមាន​ប្រសាសន៍ថា «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករក្នុងការជំរុញថែមទៀតនៃទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ក៏ដូចជាការជំរុញលំហូរទេសចរទៅវិញទៅមកក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការថ្មី មិត្តភាពកាន់តែស៊ីជម្រៅ ហើយក៏នឹងបង្កើតបានជាឱកាសថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌។

ឯកឧត្តម​កិត្តិនីតិ​កោសល​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​បានថ្លែងដូចនេះនៅក្នុងពិធីប្រកាសបើកជាផ្លូវការឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅសាលមហោស្រពកោះពេជ្រ នារាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ជា​តំ​ណាង​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា​ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម​ ចាង ហ្ស៉ី អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន រួមនិងវត្តមានឯកឧត្តម​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម​ អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានឱ្យដឹងថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយនៃផែនការសកម្មភាពក្នុងគោលដៅជំរុញវិនិយោគ និងលំហូរទេសចរនៃប្រទេសទាំងពីរ ដោយយកឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចកិច្ចសហប្រតិបត្តិការរួមគ្នាលើផ្នែកទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរបន្ថែមទៀត មានដូចជាការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការសម្ដែងសិល្បៈរួមគ្នាជាដើម។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប៊ិន ឈិន បានស្នើឲ្យក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ឆ្លៀតឱកាសនៃឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន រៀបចំដាក់ចុះនូវផែនការសកម្មភាពនានា ស្របតាមស្មារតីនៃសហគមន៍វាសនារួមកម្ពុជា-ចិន សំដៅបង្កើតកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាក់ស្ដែង រវាងប្រទេសទាំងពីរ ហើយក៏ស្នើឲ្យភាគីចិនជួយសម្រួល និងជំរុញការអនុវត្តផែនការសកម្មភាពទាំងនោះផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជានិតចិន បានកំណត់យកឆ្នាំ២០១៩ ជាពេលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យទេសចរណ៍ និងវប្បធម៌ ឬហៅថា «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន»។ ដើម្បីចូលរួមអបអរសាទរឆ្នាំវប្បធម៌ និងទេសច រណ៍កម្ពុជា-ចិននេះ គណៈប្រតិភូ និងបេសកជនចិនប្រមាណ២ពាន់នាក់ បានធ្វើដំណើរមកចូលរួមជាមួយកម្ពុជានៅរាជធានីភ្នំពេញ៕

បញ្ចេញមតិ
អត្ថបទទាក់ទង