ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនិងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្នុងអង្គភាព ប្រារព្ធពិធីកាន់បិណ្ឌវេនទី៧ នៅវត្តជ័យឧត្តម ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះមតិខ្ញុំ - 0

ឯកឧត្ដម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអង្គភាព បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តជ័យឧត្តម ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ពិធីកាន់បិណ្ឌវេនទី៧ ក្នុងវត្តជ័យឧត្តមនេះ ក៏មានការចូលរួមពីពុទ្ធបរិស័ជើងវត្តលោក សុង លាងហួត និងប្រជាពលរដ្ឋ សីលវ័ន សីលវតី ជាក្រុមវេនបិណ្ឌ និងព្រះសង្ឃ គណៈកម្មាការ អាចារ្យវត្ត ចូលរួមយ៉ាងច្រើនកុះករ ។

ពិធីកាន់បិណ្ឌវេនទី៧ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលក្នុងឱកាសនោះ ឯកឧត្តម ទិត សុធា និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងអង្គភាព និងប្រជាពុទ្ធបរិស័ទ បានជួបជុំគ្នានៅក្នុងឧបដ្ឋានសាលាដើម្បីប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត។

លុះវេលាទៀបភ្លឺព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទិត សុធា និងលោកជំទាវ រួមទាំងក្រុមការងារ និងញាតិមិត្តក្រុមវេនកាន់បិណ្ឌទី៧ ក៏បានអញ្ជើញចូលរួមនមស្សការថ្វាយបង្គំព្រះរតនត្រ័យ ស្តាប់ព្រះសង្ឃសូត្របរាភវសូត្រ ជាទំនៀមទម្លាប់នៃពិធីបុណ្យកាន់បិ ណ្ឌ ភ្ជុំបិណ្ឌ និងបានដើរប្រទក្សិណជុំវិញព្រះវិហារ បោះបាយបិណ្ឌ ឧទ្ទិសកុសលជូនដល់បុព្វការីជន ជនញាតិការក្នុងសង្សារវដ្តដែលបានធ្វើកាលកិរិយាទៅកាន់លោកខាងមុខ ឱ្យបានរួចចាកផុតទុក្ខ និងបានយោនយកកំណើតក្នុងទីដ៏ប្រសើរខ្ពង់ខ្ពស់។

ជាពិសេស ជាងនេះទៅទៀត ឯកឧត្តម ទិត សុធា ក្រុមការងារនិងក្រុមវេនបិណ្ឌទី៧ ក្នុងវត្តជ័យឧត្តម ក៏បានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដល់វីរជន និងវីរយុទ្ធជនស្នេហាជាតិ ដែលបានពលីជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងបានបួងសួងសុំសេចក្តីសុខចម្រើនជូនជាតិមាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប បានរស់នៅក្នុងសុខសន្តិភាព ជានិច្ចនិរន្តរ៍តរៀងទៅ។

បន្ទាប់មកនៅវេលាម៉ោង៧ព្រឹក ក្រុមវេនបិណ្ឌទី៧ ក៏បានប្រគេនយាគូចំពោះព្រះសង្ឃ ស្តាប់ព្រះធម៌ទេសនា រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃ ប្រគេនបច្ច័យដែលបានពីការចូលរួមទាំងអស់គ្នាដល់ព្រះសង្ឃ ដើម្បីរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តឱ្យកាន់តែរីកចម្រើនថែមទៀត និងបានប្រារព្ធពិធីដារឆ្លងជាកិច្ចបញ្ចប់បិណ្ឌវេនទី៧ ។

បន្ថែមលើនេះ ឯកឧត្តម ទិត សុធា លោកជំទាវ និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងអង្គភាព ក៏បានចែកនូវសម្ភារៈសិក្សាមួយចំនួនដល់ក្មួយៗសិស្សានុសិស្ស ដែលជាកូនចៅប្រជាពលរដ្ឋចំណុះជើងវត្តជ័យឧត្តមផងដែរ ក្នុងបរិយាកាសរីករាយដ៏ក្រៃលែង ។
គួររំលឹកផងដែរ ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មានប្រវត្តិនិងជំនឿ ទំនៀមទម្លាប់ប្រពៃណីជាយូរលុងណាស់មកហើយ សម្រាប់ប្រទេសកម្ពុជា ពិធីនេះមានរយៈពេល១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោចខែភទ្របទ ជាថ្ងៃចុងក្រោយនៃពិធីភ្ជុំបិណ្ឌ៕

បញ្ចេញមតិ
អត្ថបទទាក់ទង