ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តសកម្មភាពវាយប្រហារដោយអាវុធបំផ្លាញប្រាសាទព្រះវិហារ ពីសំណាក់កងទ័ពថៃ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះការបន្តសកម្មភាពវាយប្រហារកាន់តែខ្លាំងដោយអាវុធធុនធ្ងន់បំផ្លាញប្រាសាទព្រះវិហារ ពីសំណាក់កងទ័ពថៃ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថាទង្វើឈ្លានពានជាថ្មីទាំងនេះ បានធ្វើឱ្យប្រាសាទព្រះវិហារស្ថិតក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់មានពីមុនមក។ ផ្នែកសំខាន់ៗនៃរចនាសម្ព័ន្ធប្រាសាទ និងទេសភាពពិសិដ្ឋជុំវិញត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ប្រាសាទព្រះវិហារតំណាងឱ្យអត្តសញ្ញាណជាតិ ការបន្តប្រវត្តិសាស្ត្រ និងបេតិកភណ្ឌខាងវិញ្ញាណរបស់កម្ពុជា។ ការវាយប្រហារទាំងនេះមិនត្រឹមតែរំលោភបំពានអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់បេតិកភណ្ឌវប្បធម៌រួមគ្នារបស់មនុស្សជាតិទៀតផង។
ការកំណត់គោលដៅដោយចេតនាទៅលើបូជនីយដ្ឋានវប្បធម៌ និងសាសនាដែលល្បីល្បាញលើពិភពលោកនេះ គឺជាការរំលោភបំពានយ៉ាងជាក់ស្តែងទៅលើច្បាប់អន្តរជាតិ រួមមាន៖ អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ; ពិធីសារទី ២ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ; អនុសញ្ញាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូឆ្នាំ១៩៧២; ធម្មនុញ្ញទីក្រុងរ៉ូមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលក្រោមនោះការបំផ្លិចបំផ្លាញដោយចេតនានូវបេតិកភណ្ឌវប្បធម៌អាចជាឧក្រិដ្ឋកម្មសង្គ្រាម; និង ទំនួលខុសត្រូវរបស់ប្រទេសថៃក្នុងនាមជារដ្ឋភាគីនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកកម្ពស់ប្រាសាទព្រះវិហារ ដែលបង្កើតឡើងដោយសេចក្តីសម្រេចយូណេស្កូឆ្នាំ២០១៤។
ក្រសួងវប្បធម៌ អំពាវនាវជាបន្ទាន់ដល់ព្រះរាជាណាចក្រថៃឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ប្រតិបត្តិការយោធាដែលកំណត់គោលដៅលើប្រាសាទព្រះវិហារ និងតំបន់ការពាររបស់ខ្លួន ព្រមទាំងអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចច្បាប់អន្តរជាតិរបស់ខ្លួនក្រោមអនុសញ្ញា និងកិច្ចព្រមព្រៀងដែលបានរៀបរាប់ខាងលើ។
ក្រសួងវប្បធម៌កម្ពុជា ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ រួមមានអង្គការយូណេស្កូ អង្គការសហប្រជាជាតិ និងអង្គការវប្បធម៌ និងសិទ្ធិមនុស្សទាំងអស់ឱ្យ អំពាវនាវដល់រដ្ឋាភិបាល និងយោធាថៃឱ្យបញ្ឈប់ការបាញ់ប្រហារ បញ្ចប់អរិភាព និងគោរពអធិបតេយ្យភាពរបស់កម្ពុជា; ថ្កោលទោសជាសាធារណៈចំពោះការឈ្លានពានជាបន្តបន្ទាប់របស់ប្រទេសថៃប្រឆាំងនឹងបេតិកភណ្ឌវប្បធម៌; ចាត់វិធានការការទូត និងផ្លូវច្បាប់ជាបន្ទាន់ដើម្បីឱ្យអ្នកទទួលខុសត្រូវត្រូវទទួលខុសត្រូវ; ព្រមទាំងដាក់ពង្រាយអ្នកសង្កេតការណ៍អន្តរជាតិដើម្បីវាយតម្លៃកម្រិតនៃការខូចខាត និងជួយការពារទីតាំង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបន្តចងក្រងឯកសារនូវរាល់ទង្វើបំផ្លិចបំផ្លាញ និងស្វែងរកមធ្យោបាយផ្លូវច្បាប់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងស្ថាប័នអន្តរជាតិពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកយុត្តិធម៌ និងសំណង៕











