ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា ឱ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសថៃ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងត្រូវផ្សព្វផ្សាយតែព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មិនត្រូវបំប៉ោងព័ត៌មានខុសពីការពិត និងមិនត្រូវប្រើប្រាស់យុទ្ធសាស្ត្រទុច្ចរិតផ្សាយព័ត៌មានដោយបញ្ចេញបញ្ជូលនូវនិន្នាការនយោបាយ ជាពិសេសថៃមិនត្រូវផ្សាយព័ត៌មានក្លែងក្លាយដើម្បីតែបំពេញចិត្តប្រជាពលរដ្ឋថៃឡើយ។ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ថាលោកមិនបង្រៀនអ្នកសារព័ត៌មានថៃអំពីក្រមសីលធម៌អ្នកសារព័ត៌មានទេ ប៉ុន្តែអ្នកសារព័ត៌មានថៃកន្លងមកបានធ្វើយុទ្ធសាស្ត្រដ៏អាក្រក់ ប្រាសចាកក្រមសីលធម៌ផ្សាយព័ត៌មានបំភ្លៃ ព័ត៌មានក្លែងបន្លំ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ទទូចទៅកាន់បណ្ដាញផ្សព្វផ្សាយព័ត៌មានថៃដូច្នេះ  បន្ទាប់ពីសង្កេតឃើញថាថៃ ផ្សាយព័ត៌មានមិនពិតច្រើន ជាពិសេសកាសែត Khaosod បានផ្សាយខុសពីការពិតចំពោះបញ្ហា កម្ពុជា-ថៃ ឯកភាពគ្នាសម្រួលកងទ័ពចេញពីទីតាំងប្រឈមផ្ទុះសង្គ្រាម តែផ្សាយថា កម្ពុជា Khaosod  ដកទ័ពចេញពីទីតាំងជម្លោះ។

ពីទឹកដីខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែកក្កដា រដ្ឋមន្ត្រីព័ត៌មានកម្ពុជា  នេត្រា ភក្ត្រា ទទូចទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ថៃដូច្នេះ៖« អ្វីដែលខ្ញុំស្នើរសុំទៅភាគីថៃ ជាពិសេសគឺប្រព័ន្ធផ្សព្វផ្សាយថៃ គឺសុំឱ្យប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ការផ្សព្វផ្សាយត្រូវប្រកាន់នូវសច្ចភាពនៃព័ត៌មាន ភាពត្រឹមត្រូវនៃព័ត៌មាន សូមកុំឱ្យបញ្ជូលនូវនិន្នាការនយោបាយនៅក្នុងព័ត៌មានរបស់ខ្លួន។ ខ្ញុំមិនមែនបង្រៀនអ្នកសារព័ត៌មានថៃទេ ក៏ប៉ុន្តែអ្វីដែលយើងបានសង្កេតឃើញ គឺការបំភ្លៃ បំផ្លើស ជាពិសេសគឺការប្រើប្រាស់នូវ Dirty strategy (យុទ្ធសាស្ត្រកខ្វក់)របស់ថៃ  នៅក្នុងការ manipulate (បង្កើត)ព័ត៌មាន បំប៉ោង បំភ្លៃព័ត៌មានតាមរយៈការបង្កើតនូវព័ត៌មាន Malinformation, Disinformation គឺការបំភ្លៃ បំផ្លើស បំភ័ន្តនេះ គឺមានច្រើន ដែលធ្វើឱ្យការផ្សព្វផ្សាយរបស់គាត់(ថៃ) អាចថាបំពេញចិត្តប្រជាជនរបស់គាត់។ »។

ត្បិតថាថៃ ផ្សព្វផ្សាយព័ត៌មានមិនពិត ក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងព័ត៌មានព័ត៌មានកម្ពុជា វាយតម្លៃថា ពលរដ្ឋកម្ពុជា ទទួលបានព័ត៌មានអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនដែលមានមូលដ្ឋានប្រទេសកម្ពុជា។

ជាការកត់សម្គាល់ចាប់ពីទាហានថៃ ចូលមកបាញ់សម្លាប់ទាហានកម្ពុជានៅក្នុងលេណដ្ឋានក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៨ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានច្រើននៅក្នុងប្រទេសថៃ បានផ្សាព្វផ្សាយព័ត៌មានផ្ទុយពីការពិត ថា ទាហានកម្ពុជាបាញ់ប្រហារទៅលើកងទ័ពថៃមុន។ មិនទាន់ឈប់ត្រឹមប៉ុណ្ណេះទេ នៅជុំវិញការបិទព្រំដែនស្រេចតែចិត្តឯងពីសំណាក់ថៃ សារព័ត៌មានៅក្នុងប្រទេសមួយនេះ ក៏ផ្សព្វផ្សាយផ្ទុយពីការពិតថាកម្ពុជា ជាអ្នកបិទព្រំដែនជាដើម។ នៅមានរឿងរ៉ាវជាច្រើនទៀតដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានបំប៉ោង គ្មានមូលដ្ឋាននៃការពិត ជាពិសេសថ្មីៗនេះ គឺរឿងរ៉ាវទាហានថៃ ជាន់មីននៅក្នុងដីកម្ពុជា តែផ្សាយថាកម្ពុជាលួចដាក់មីនថ្មីនៅក្នុងដីខ្លួន។

បើទោះបីសារព័ត៌មានថៃផ្សព្វផ្សាយមិនពិត កុហកពិភពលោកក៏ដោយ ក៏រដ្ឋមន្ត្រីព័ត៌មានវាយតម្លៃជារួមថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈពិតត្រឹមត្រូវអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ខុសពីថៃ។

បន្ទាប់ពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ឡើងកម្ដៅជាបន្តបន្ទាប់ ហើយថៃព្យាយាមភូតកុហកពិភពលោក កាលដើមខែកក្កដា  សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃថា  «ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក!»

ដោយ៖ង៉ិល ណារ៉ាត់

Related Topics:ក្រសួងព័ត៌មាន​ជម្លោះព្រំដែនកម្ពុជា-ថៃព័ត៌មានក្លែងក្លាយលោក នេត្រ ភក្ត្រា

បញ្ចេញមតិ
អត្ថបទទាក់ទង