នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច​តេជោ ហ៊ុន សែន​ ផ្ញើសារពិសេសទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី៖ «មេដឹកនាំសឹង្ហបុរីចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»

ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩​ - កម្ពុជាថ្ងៃនេះ - 0

នៅរាត្រីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរីថា មេដឹកនាំសឹង្ហបុរីបានចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ព្រមទាំងបានចោទសួរថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះ ជាការត្រឹមត្រូវដែរឬទេ ?

ការប្រតិកម្មធ្ងន់ៗរ​បស់នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​ទ្វីប​អាស៊ី​ និង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាលពី​សប្តាហ៍​មុន​ បានលើកឡើងថា ការ​អន្តរាគមន៍​យោធា​របស់​កងទ័ព​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​ជា ​«ការ​ឈ្លាន​ពាន​របស់​វៀតណាម» ​ទៅ​លើ​កម្ពុជា។​

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេសតាមរយៈ Facebook ទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី​ លី ស៊ានឡុង យ៉ាងដូច្នេះថា៖

ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯ.ឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅដោយលើកឡើងថា «ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។…»

ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។

សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង១០ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។

ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។ ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

ចុងក្រោយនេះ ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់ ?

សូមជំរាបថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការ​បរទេសរបស់វៀតណាម ​បាន​បង្ហាញ​ការ ​«សោក​ស្តាយ» ចំពោះការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong ​កាលពី​សប្តាហ៍​មុន​ ដែល​ថា​ ការ​អន្តរាគមន៍​យោធា​របស់​កងទ័ព​វៀតណាម​ នៅ​ឆ្នាំ​១៩៧៩ ​ជា ​«ការ​ឈ្លាន​ពាន​របស់​វៀតណាម» ​ទៅ​លើ​កម្ពុជា។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម ​អ្នកស្រី​ Le Thi Thu Hang​ បាន​ឆ្លើយ​តប​ជា​សាធាណៈនៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ​ថា​ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​សឹង្ហបុរី «មិន​បង្ហាញ​ពី​ការណ៍​ពិត​នៃ​ប្រវត្តិ​សាស្រ្ត ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​អវិជ្ជ​មាន​លើ​ការ​យល់​ឃើញ​របស់​សាធារណ​ជន»។

តាម​រយៈ​គេហ​ទំព័រ​ក្រសួរ​ការ​បរទេស​វៀតណាម​ អ្នក​ស្រីបាន​លើក​ឡើង​ថា អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចេញ​សាល​ក្រម​លើ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ដោយ​ខ្មែរ​ក្រហមកាល​ពីខែ​វិច្ឆិកា​ឆ្នាំ​មុន។​

«សាល​ក្រម​នេះ​គឺ​ជា​ភ័ស្តុតាង​ជាក់​ស្តែង​ចំពោះ​ការណ៍​ពិត​ជាប្រវត្តិ​សាស្ត្រ​ ហើយ​វា​ផ្តល់យុត្តិធម៌ និង​ប៉ះប៉ូវ​ការ​ខូចខាត​ដល់​ជនរង​គ្រោះ​ដែល​សាលក្រម​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ និង​សហគមន៍​អន្តរ​ជាតិ»៕

ប្រភព៖ Fresh News

បញ្ចេញមតិ
អត្ថបទទាក់ទង