លទ្ធផលនៃការផ្សងតាមរយៈការបរិភោគរបស់គោឧសភរាជ ឆ្នាំនេះ ពិតជាល្អ!
ដំណាំស្រូវ ពោត សណ្ដែកឆ្នាំនេះ នឹងទទួលបានផលល្អប្រសើរ តាមរយៈការផ្សងប្រផ្នូល របស់គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តតាកែវនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ។ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ព្រាហ្មណ៍ព្រះរាជគ្រូ បានទស្សន៍ទាយ ទៅតាមក្បួនច្បាប់ប្រពៃណីពីបុរាណថា ដំណាំ ស្រូវ ពោត សណ្ដែក នឹងទទួលបានផលល្អប្រសើរ បន្ទាប់ ពីការផ្សងរបស់គោឧសភរាជទាំងពីរ បានបរិភោគ ស្រូវបានប្រមាណ៨៥ភាគរយ ពោតបាន ប្រមាណ៩០ភាគរយ និងសណ្ដែកបានប្រមាណ៨៥ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក ,ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។
ព្រះរាជពិធីបុណ្យទ្វារទសមាស ច្រត់ព្រះនង្គ័លឆ្នាំនេះបាន ប្រារព្ធធ្វើនៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ នៅថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ផងដែរ។
ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវបានព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័លទី២ តំណាងរបស់ព្រះអង្គ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ជាព្រះមេហួ ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយ ដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក ដែលជាការប្រកាសប្រាប់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការថា ជាការចាប់ ផ្តើមរដូវវស្សា។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។ ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ។ កាលពីឆ្នាំ២០១៨ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងនៅក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ ជាមួយគ្នានេះ កាលពីឆ្នាំទៅ តាមការផ្សងគោឧសភរាជទាំងពីរទៅតាមក្បួនច្បាប់ប្រពៃណីពីបុរាណបានបង្ហាញថា ដំណាំ ស្រូវ ពោត សណ្ដែក ទទួលបានផលល្អប្រសើរ ក្នុងនោះគោឧសភរាជទាំងពីរបានបរិភោគ ស្រូវបានប្រមាណ៩៥ភាគរយ ពោត បានប្រមាណ៩៥ភាគរយ និងសណ្ដែកបានប្រមាណ៨០ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។
ដូចនេះ លទ្ធផលនៃការផ្សងតាមរយៈការបរិភោគរបស់គោឧសុភរាជ បានឱ្យដឹងថា នៅឆ្នាំនេះ ការបង្កបង្កើនផល ទទួលបានលទ្ធផលដូចខាងក្រោម ៖
១ ស្រូវ ៨៥%
២ ពោត ៩០%
៣ សណ្តែក ៨៥% ។
តាមលទ្ធផលខាងលើនេះ បង្ហាញថា ឆ្នាំនេះ ពុកម៉ែ បងប្អូនប្រជាកសិករ ប្រកបមុខរបរកសិកម្ម នឹងទទួលបានទិន្នផលល្អប្រសើរ ក្នុងនោះស្រូវ ទទួលបានផល ៨៥% ពោត ទទួលបានផល ៩០% និងសណ្តែក ទទួលបានផល ៨៥% ។
ចំពោះផលអាក្រក់ ដែលកើតឡើងដោយសារសត្វល្អិតបំផ្លាញ ក៏គ្មាន ។ ដូច្នោះពុកម៉ែ បងប្អូន ប្រជាកសិករ នឹងទទួលបានផលល្អគួរជាទីគាប់ចិត្ត ជីវភាពកាន់តែធូរធារថែមទៀត៕