សម្ដេចតេជោ ហ៊ុន សែន ទម្លាយឱ្យដឹងថា លោក អាត់ ធន់ ធ្លាប់ចង់ទាក់ទងមកសម្តេចដើម្បីសុំជួយអន្តរាគមន៍តាមរយៈលោក សយ សុភាព

ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងឱ្យពិនិត្យមើល និងគួរតែដឹងថា អាត់ ធន់ ជានរណាពិតប្រាកដ ដោយសម្តេច បានទម្លាយឱ្យដឹងថា លោក អាត់ ធន់ ធ្លាប់ចង់ទាក់ទងមកសម្តេចដើម្បីសុំជួយអន្តរាគមន៍តាមរយៈលោក សយ សុភាព។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក អាត់ ធន់ មានទំនាក់ទំនងជាមួយសម្ដេចជិត២០ឆ្នាំហើយ តែ អាត់ ធន់ តែងបង្ហាញឥរិយាបទជាអ្នកប្រឆាំងដើម្បីបានការទុកចិត្តពីចៅហ្វាយបរទេសដែលផ្តល់លុយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីរឿងរ៉ាវថា សូម្បីតែថ្ងៃ១ ឧសភា ២០២៤កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុមប្រឆាំងរៀបចំទិវាពលកម្មអន្តរជាតិដើម្បីបង្ហាញថាខ្លួនជាអ្នកប្រឆាំង។ រំលងបាន២ថ្ងៃ ពោលគឺនៅថ្ងៃ៣ ឧសភា ២០២៤ លោក សយ សុភាព បានយកសារនោះមកប្រាប់សម្ដេចតេជោ និងបង្ហាញពីគោលបំណងរបស់ អាត់ ធន់ ក្នុងការសុំជួយអន្ដរាគមន៍ក្នុងរឿងបោះឆ្នោតជ្រើសរើសមេសហជីពកន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្រោយបានឃើញសារនេះ គឺសម្ដេចមានការភ្ញាក់ផ្អើល ព្រោះ អាត់ ធន់ មិនដែលទាក់ទងមកសម្ដេចយូរណាស់មកហើយ។ ទើបតែ២ថ្ងៃជាប់គ្នានេះ (១-៣ ឧសភា) អាត់ ធន់ បានទាក់ទងមកព្រោះក្រោយពី អាត់ ធន់ ឃើញថាអាចចាញ់ការបោះឆ្នោតជ្រើសរើសមេសហជីពថ្មី។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានបញ្ជាឱ្យលោក សយ សុភាព សួររកព័ត៌មានទាក់ទងនឹងការបោះឆ្នោតនេះ ដោយការបោះឆ្នោតត្រូវធ្វើថ្ងៃ១៩ ខែឧសភា តែគ្រោងនឹងពន្យាពេលបន្ថែមដោយការប៉ុនប៉ងធ្វើឱ្យមានការប្រែប្រួលដល់អង្គបោះឆ្នោតថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានប្រាប់ទៅលោក សយ សុភាព ឱ្យប្រាប់ទៅលោក អាត់ ធន់ ថា គួរតែបោះឆ្នោតតាមការកំណត់ជាមួយអង្គបោះឆ្នោតដែលមានស្រាប់ដែលនេះជាដំណើការធម្មតានៃប្រជាធិបតេយ្យសម្រាប់អង្គការចាត់តាំងមួយ។

ក្រោយទម្លាយសារនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាលោក អាត់ ធន់ មិនបកស្រាយឱ្យខុសពីការពិតដែលលោកទាក់ទងជាមួយសម្តេច ហើយសម្តេច បានផ្តាំទៅក្រុមប្រឆាំងក៏គួរដឹងថា អាត់ ធន់ ពិតប្រាកដជាអ្នកណាផងដែរ៕

បញ្ចេញមតិ
អត្ថបទទាក់ទង