កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩
នៅព្រឹក ថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត អញ្ជើញចូលរូមកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកំពត។
បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនេះ រួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងទេសចរណ៍ គណ:អភិបាលខេត្ត កងកម្លាំងគ្រប់ប្រភេទ លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក សរុប៧៨នាក់។
មានប្រសាសន៍ ក៏ដូចសំណូមពរ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា សម្រាប់ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នាពេលខាងមុខនេះ រដ្ឋបាលខេត្ត បានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចហើយនាពេលកន្លងមក ព្រមទាំងត្រៀមរៀបចំនូវការងារមួយចំនួនរួមមាន៖
-អំពីទីកន្លែង៖ ស្នើរៀបចំនៅពហុកីឡដ្ឋានខេត្ត ដែលមានទីតាំងធំទូលាយល្អ មានភាពអំណោយផលដល់ការរៀបចំពិធី ពិសេសសន្តិសុខ សណ្តាប់ធ្នាប់។
-បាននឹងកំពុងរៀបចំកែសម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាពជុំវិញទីតាំងពិធី និងក្នុងក្រុងទាំងមូល។
-ស្នើគណៈកម្មការអន្តរក្រសួងជួយអន្តរាគមន៍លើកការកសាងកំណាត់ផ្លូវចាប់ពីប្រសព្វផ្លូវជាតិលេខ៣ និងលេខ៤១ រហូតដល់ក្រុងកំពត ឲ្យហើយមុនបុណ្យសមុទ្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ។
-ជំរុញការអភិវឌ្ឍន៍ឆ្នេរខ្សាច់នៅតំបន់កែបថ្មីឲ្យបានឆាប់រហ័ស ដែលជាផលិតផលទេសចរណ៍ថ្មីមួយរបស់ខេត្ត។
ក្នុងនោះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ ដល់ឯកឧត្តមអភិបាលខេត្ត ដែលបានចាប់ផ្តើមត្រៀមរៀបចំ ការងារមួយចំនួន សម្រាប់បុណ្យសមុទ្រ នៅពេលមុខ ព្រមទាំងសូមទទួលយកសំណូមពរទាំងអស់ ដើម្បីឆ្លងយោបល់សម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី។ លើសពីនេះទៅទៀត ឯកឧត្តម ស្នើខេត្តរៀបចំទីតាំងកំសាន្ត បន្ថែមផ្សេងៗទៀត ដើម្បីឲ្យខេត្តអាចបង្កើនភ្ញៀវទេសចរណ៌បន្ថែមទៀត៕