សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ! ទើបបានជាជំទាស់គម្រោងព្រែកជីកហ្វូណនតេជោ

ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានចោទសួរថា តើអ្នកនយោបាយចាស់វស្សា លោក សម រង្ស៊ី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ! ទើបបានជាប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង។

តាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ប្រជាជនកម្ពុជាមួយប្រទេស បានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រៃជីកហ្វូណនតេជោនិងផ្ដល់ឱ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ»

សម្តេចបានបន្តថា «តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ»។ (សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ)។

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សម រង្ស៉ី អតីតមេបក្សប្រឆាំង បានបង្ហោះសាររិះគន់គម្រោងព្រែកជីកហ្វូនណនថា ប៉ះពាល់បរិស្ថានសង្គម និងថាធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។

ការរិះគន់នេះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកជំនាញ បណ្ឌិត បញ្ញវ័ន្ត និងប្រជាពលរដ្ឋខ្មែរ ដោយនាំគ្នាថ្កោលទោសយ៉ាងខ្លាំងលើ លោក សម រង្ស៉ី ដែលធ្វើនយោបាយ មិនគិតផលប្រយោជន៍ជាតិ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មានប្រវែង ១៨០ គីឡូម៉ែត្រ ដែលបង្កើតឡើងដើម្បីពង្រីកវិសាលភាព នៃការ ប្រើប្រាស់ សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់ សកម្ម ភាព សេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅ ប្រទេស ក៏បានគាំទ្រផងដែរ៕

ប្រភព៖ ​FRESH NEWS

បញ្ចេញមតិ
អត្ថបទទាក់ទង