សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារអភិរក្សបឹងទន្លេសាប ត្រូវតែបន្តធ្វើដោយគ្មានដកថយឡើយ រយៈពេល ៧២ថ្ងៃមកនេះ ក្រុមការងារចម្រុះសម្រេចបានការងារជាច្រើន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបិទសន្និបាតក្រសួងកសិកម្ម ដែលសម្តេចបានប្រកាសដាក់ចេញការងារអភិរក្សបឹងទន្លេសាប រហូតមកដល់ពេលនេះ មានរយៈពេល ៧២ថ្ងៃគត់ ដែលក្រុមការងារចម្រុះបានចុះអនុវត្តការងារ ហើយសម្រេចបានលទ្ធផលជាច្រើន។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមការងារចម្រុះដែលដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអនុវត្តការងារជាបន្តបន្ទាប់ដូចជា បានផ្ទៀងផ្ទាល់ទិន្នន័យពាក់ព័ន្ធតំបន់បឹងទន្លេសាប, បញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីឡើងវិញ ដើម្បីកំណត់ឱ្យច្បាស់អំពីតំបន់១ តំបន់២ និងតំបន់៣, រៀបចំបោះបង្គោលកំណត់ព្រំ និងសហការរៀបចំចុះបញ្ជី នៅតំបន់ទន្លេសាបផងដែរ។
សម្តេចបញ្ជាក់ទៀតថា នៅពេលជាមួយគ្នានេះ ការចុះកំណត់ព្រំឱ្យបានច្បាស់លាស់នៅតំបន់១ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាបនេះ ក្រសួងស្ថាប័នជំនាញ និងអាជ្ញាធរខេត្តជុំវិញទន្លេសាប ក៏បានចាត់វិធានការទប់ស្កាត់នូវការទន្ទ្រានផ្សេងៗ ដែលថ្មីៗនេះក៏មានការចាប់ខ្លួនមន្ត្រី និងឈ្មួញមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
សម្តេចសង្កត់ធ្ងន់ថា កិច្ចការការពារដីអភិរក្សបឹងទន្លេសាប ត្រូវតែបន្តធ្វើដោយគ្មានដកថយឡើយ។ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាថែរក្សាបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេស។
សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ត្រីក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមក្នុងការអភិរក្សបឹងទន្លេសាប ដោយទទួលបានលទ្ធផលល្អ៕
ប្រភព៖ FRESH NEWS