សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជន ត្រូវរួមដៃគ្នាក្នុងការពង្រឹងអនុលោមភាព ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ មានតម្លាភាព និងសុវត្ថិភាព ព្រមទាំងបង្កើតបានបរិយាកាសអំណោយផលក្នុងការធ្វើធុរកិច្ចប្រកបដោយស្ថិរភាព ទំនុកចិត្ត និងស្វ័យកែលម្អខ្លួន ប្រយោជន៍អាចចូលរួមកាន់តែខ្លាំងក្លាថែមទៀតក្នុងភាពជាដៃគូររវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលកើតចេញពីការរួបរួមគ្នាចំនួន ៩ សមាគម ក្នុងគោលបំណងរួមមួយគឺ ជួយដល់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្ដាក់ទុនក្នុងព្រះរាជាណាចក្រកម្ពុជា និងពិធីពិសារភោជនាហារសាមគ្គី នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅរបស់រដ្ឋាភិបាលក្នុងរយៈពេលជាង ៤០ ឆ្នាំ មកនេះ គឺជំរុញការអភិវឌ្ឍប្រទេស ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល អាណត្តិទី ៧ បានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិ និងតួនាទីរបស់វិស័យឯកជន ដើម្បីបានចូលរួមជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងបានបង្កើតជាលទ្ធផលជាក់ស្តែង មានដូចជា ទី១. ធានារក្សាសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ទី២. រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទី៣. គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានាក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្ត ដែលមានប្រសិទ្ធភាពច្បាស់លាស់ និងតម្លាភាព ទី៤. ដាក់ចេញនូវក្របខណ្ឌគោលនយោបាយ និងផ្តល់ការលើកទឹកដល់វិស័យឯកជន និងទី៥. វិនិយោគលើធនធានមនុស្សទាំងសុខភាព ទាំងចំណេះដឹង និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗមានដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។
សម្តេចធិបតី បានបន្តទៀតថា វិស័យឯកជន និងរាជរដ្ឋាភិបាល មានកាតព្វកិច្ច រួបរួមគ្នាក្នុងភាពជាដៃគូរ ដើម្បីសម្រេចបាននូវភាពជោគជ័យ ព្រោះពាក្យ ដៃគូររវាងរដ្ឋ និងឯកជន មានន័យថា ជាការរួមសុខរួមទុក្ខជាមួយគ្នា តាមរយៈការចែកគ្នាទទួលផលក្នុងគ្រាល្អ និងជួយគ្នាក្នុងគ្រាលំបាក ក្នុងន័យនេះ វិស័យឯកជនត្រូវចូលរួមដោយភាពស្មោះត្រង់ តម្លាភាព និងអនុវត្តដោយមានសាមគ្គីភាព និងឯកភាពគ្នា ទើបជួយជំរុញឱ្យគោលការណ៍នានាទទួលបានជោគជ័យ ។ ជាមួយនេះ វិស័យឯកជន ត្រូវរួមដៃគ្នាក្នុងការពង្រឹងអនុលោមភាព ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ មានតម្លាភាព និងសុវត្ថិភាព ព្រមទាំងបង្កើតបានបរិយាកាសអំណោយផលក្នុងការធ្វើធុរកិច្ចប្រកបដោយស្ថិរភាព ទំនុកចិត្ត និងស្វ័យកែលម្អខ្លួន ប្រយោជន៍អាចចូលរួមកាន់តែខ្លាំងក្លាថែមទៀត ក្នុងភាពជាដៃគូររវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានអរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលបានខិតខំបំពេញសកម្មភាពរៀងៗខ្លួន និងសម្រេចបានការកៀរគរវិនិយោគិន បរទេសចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ដោយគិតជាទឹកប្រាក់សរុបរាប់ពាន់លានដុល្លារ ដែលនេះជាសកម្មភាពវិជ្ជមានមួយក្នុងការជួយដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ព្រោះថាកំណើននៃការវិនិយោគ និងការធ្វើពាណិជ្ជកម្ម នឹងជួយបង្កើតឱកាសការងារយ៉ាងសន្ធឹកសន្ធាប់ជូនដល់ប្រជាជនកម្ពុជា ព្រមទាំង ជំរុញការនាំចូលមកនូវជំនាញ និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ផងដែរ ៕