សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវរៀបចំផែនការចាំបាច់ និងដាក់អនុវត្តឱ្យចំគោលដៅ ដើម្បីពង្រឹងវិស័យអប់រំឱ្យមានគុណភាពខ្ពស់
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាធម្មតា ការអនុវត្តផែនការ អត់ដូចលទ្ធផលដែលបានរំពឹងទុកទាំងអស់នោះទេ ពីព្រោះអ្នកអង្គុយសរសេរផែនការគោលនយោបាយ ត្រូវអង្គុយគិត ព្យាករមុន ប៉ុន្តែនៅពេលដាក់ចាត់តាំងអនុវត្ត នឹងអាចជួបប្រទះនូវបញ្ហាជាច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការជួបបញ្ហាច្រើន ត្រូវការធ្វើការផ្គុំគ្នា បូកសរុប វាយតម្លៃ ផ្តល់យោបល់ ហើយធ្វើការកែសម្រួល និងពង្រឹងបន្ថែម ដើម្បីស្វែងរកចំណុចក្នុងការដោះស្រាយបញ្ហាទាំងនោះឱ្យមានប្រសិទ្ធភាព។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សន្និបាតនេះគឺជាកិច្ចការសំខាន់ណាស់ដែលក្រសួង ស្ថាប័ន ត្រូវធ្វើការបូកសរុបវាយតម្លៃ ហើយសង្ឃឹមថា អ្វីដែលបានជាលទ្ធផលនៃការបូកសរុបលទ្ធផលការងារ នឹងដាក់ទិសដៅឱ្យចំគោលដៅដែលបានរំពឹងទុក៕