ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅខេត្តកំពង់ធំ និងប្រមូលថវិកា​បាន ៣៥ម៉ឺនដុល្លារ

ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

20-07-2026 12:07

(កំពង់ធំ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាថ្ងៃរសៀល ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ពិធីនេះ មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្តទាំងពីរគណៈ, លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោក នួន ផារ័ត្ន, សមាជិកព្រឹទ្ធសភា រដ្ឋសភា, គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា, ក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋាន ខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន, សប្បុរសជន ព្រមទាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនកាយឫទ្ធិ និងសហភាព សហព័ន្ធយុវជនកម្ពុជាផងដែរ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងប្រោសប្រទានព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លាដល់កាកបាទក្រហមកម្ពុជា ព្រមទាំងសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ ដែលបានដឹកនាំបេសកកម្មមនុស្សធម៌ ដោយទឹកចិត្តមោះមុត សន្ដោសប្រណី ឥតខ្លាចនឿយហត់គ្រប់ពេលវេលាទាំងអស់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ការប្រារព្ធពិធីនេះ គឺមិនមែនតែជាការរៀបចំតែក្នុងក្របខ័ណ្ឌខេត្តកំពង់ធំ ហើយមិនមែនគ្រាន់តែជាការរំលឹកខួបប្រចាំឆ្នាំរបស់ចលនាកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហមនោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការរំលឹកឡើងវិញនូវគុណតម្លៃនៃមនុស្សធម៌ មេត្តា ករុណា សាមគ្គីភាព ការចែករំលែក ការលះបង់ និងការចេះជួយគ្នា ក្រោមស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ» ដោយផ្សារភ្ជាប់គុណតម្លៃផ្នែកសីលធម៌ និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់ សម្រាប់ជាប្រយោជន៍ដល់ការការពារផលប្រយោជន៍ជាតិ និងប្រយោជន៍របស់អ្នករងគ្រោះ ដែលជាកាយវិការនៃគុណតម្លៃមួយរបស់សង្គមកម្ពុជា របស់ជនជាតិខ្មែរ និងពលរដ្ឋខ្មែរម្នាក់ៗ ជាពិសេសក្នុងបរិការណ៍ដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កាន់តែទទួលរងនូវភាពគំរាមកំហែងកាន់តែញឹកញាប់ កាន់តែធ្ងន់ធ្ងរពីគ្រោះធម្មជាតិ សង្គ្រាម និងជំងឺឈឺថ្កាត់ផ្សេងៗ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបប្រទះនូវការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ មិនប្រាកដប្រជា និងពិបាកព្យាករណ៍ទុកជាមុន ជាពិសេសការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ជម្លោះប្រដាប់អាវុធ ភាពតានតឹងខាងសាសនា កំណើនថមថយនៃសេដ្ឋកិច្ច ការរំខាន ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ បញ្ហាសន្តិសុខថាមពលនិងស្បៀង ការប្រកួតប្រជែងដណ្តើមធនធានធម្មជាតិកម្រ និងការប្រែប្រួល អាកាសធាតុ, កម្ពុជាត្រូវតែប្រែក្លាយ ធនធានមនុស្ស ធនធានសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ ធនធានធម្មជាតិ ព្រមទាំងធនធានសង្គម ឱ្យទៅជាមូលធនសកម្ម និងរឹងមាំរបស់ជាតិ ដើម្បីពង្រឹងឯកភាពជាតិ និងភាពម្ចាស់ការ ក្នុងការការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពធន់ និងរឹងមាំតទៅមុខទៀតជាលំដាប់។

ទន្ទឹមនឹងបញ្ហាប្រឈមជាសកល ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានឆ្លុះបញ្ចាំងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ចំពោះមុខ ដោយចាត់ទុកថា ជាវិញ្ញាសាមួយសម្រាប់ជាតិទាំងមូល ដែលនេះមិនមែនត្រឹមតែ ជាសង្គ្រាម ដណ្តើមទឹកដីប៉ុណ្ណោះទេ ប៉ុន្តែជាសង្គ្រាមអរិយធម៌ និងវប្បធម៌ ដែលទាំងអស់ គ្នាត្រូវបង្កើនការប្រឹងប្រែងទ្វេឡើង ភ្ញាក់រលឹក ដើម្បីពង្រឹងខ្លួនឯងឱ្យខ្លាំងជាងមុន ដោយបន្តអភិវឌ្ឍខ្លួនឯងជាបុគ្គល ជាស្ថាប័ន ជាប្រទេសជាតិ ព្រមទាំងរួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ ដោយឈរលើគោលការណ៍មនុស្សធម៌ សាមគ្គីភាព និងការទទួលខុសត្រូវ សំដៅពង្រឹងឯកភាពជាតិឱ្យរឹងមាំ ព្រោះឯកភាពជាតិ គឺជាកម្លាំងនិងគន្លឹះដ៏សំខាន់មួយ ក្នុងការប្រឈមទៅនឹងគ្រោះគំរាមកំហែងផ្សេងៗ។

ដើម្បីបន្តប្រែក្លាយយុទ្ធសាស្ត្រ «មិនទុកនរណាម្នាក់ចោល» របស់រាជរដ្ឋាភិបាល ឱ្យទៅជាលទ្ធផលជាក់ស្តែង ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដាក់ចេញនូវអនុសាសន៍ណែនាំចំនួន ៧ចំណុច ដល់សាខាកាកបាទក្រហមខេត្ត និងអង្គភាពពាក់ព័ន្ធ យកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រៅពីនេះ ឯកឧត្តមបានផ្តល់ការណែនាំឱ្យពង្រឹងបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្ត តាមរយៈការបណ្តុះបណ្តាលផ្នែកមនុស្សធម៌ ការសង្គ្រោះបឋមព្រមទាំងជំនាញទន់ វិន័យ ឥរិយាបថ អត្តចរិត គោលជំហរនិងការទទួលខុសត្រូវ បន្ថែមលើចំណេះជំនាញនិងបច្ចេកវិទ្យា ដើម្បីកសាងពួកគេឱ្យក្លាយជាថាមពល និងជាបេះដូងនៃសកម្មភាពមនុស្សធម៌ ព្រមទាំងជាអ្នកដឹកនាំគំរូសម្រាប់ សង្គមជាតិទៅថ្ងៃអនាគត។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ដែលក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ សម្រេចបានការផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ រួមទាំងការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរយុទ្ធជនពលី និងរងរបួស។

ជាមួយគ្នានេះឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ជាពិសេសសមាគមឧកញ៉ាកម្ពុជា និងលោកអ្នកឧកញ៉ា ទ្រី ភាព។ ឯកឧត្តម ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់បន្តរួមដៃគ្នាបម្រើបេសកកម្មមនុស្សធម៌នេះឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងទូលំទូលាយ ដើម្បីសម្រេច ឱ្យបាននូវទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណា ម្នាក់ចោល» ទាំងស្រុងនៅលើទឹកដីនៃខេត្តកំពង់ធំ ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត​ លោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិការហូតដល់ ៣៥ ម៉ឺនដុល្លារអាម៉េរិក ដែលជាចំនួនថវិកាបរិច្ចាគដ៏ខ្ពស់មិនធ្លាប់មានពីមុនមក សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ៕

អត្ថបទទាក់ទង