ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦

ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦​ - មតិខ្ញុំ - 0

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជូនផ្ទៃក្នុងគណបក្សក្នុងខេត្តកំពង់ធំ ទាំងគណៈពង្រឹង ទាំងគណបក្សនៅមូលដ្ឋាន អំពីសភាពការណ៍ទូទៅ ទាំងសភាពការណ៍អន្តរជាតិ និងសភាពការណ៍ក្នុងប្រទេស ព្រមទាំងសមិទ្ធផល បញ្ហាប្រឈម ដែលគណបក្សបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ មន្រ្តីគណបក្ស និង​អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ ឱ្យបានយល់ដឹងជ្រួតជ្រាបច្បាស់លាស់ និងដាក់ចេញនូវរាល់វិធានការអនុវត្តជាក់ស្តែងឱ្យបានសមស្របប្រកប​ដោយប្រសិទ្ធភាព និងទទួលបាននូវលទ្ធផលល្អប្រសើរ តាមការណែនាំរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុន, ឯកឧត្តម ស្វាយ ស៊ីថា, ឯកឧត្ដម ថោ ជេដ្ឋា,​លោកអ្នកឧកញ៉ា ទ្រី ភាព, លោកជំទាវ ឃួន ឃុនឌី, លោកជំទាវ កុយ ពិសី, ឯកឧត្ដម ជា បូរ៉ា, ឯកឧត្តម នួន ផារ័ត្ន, លោកជំទាវ សាយ សំអាត, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ខេត្ត ប្រធាននិងអនុប្រធាន​ក្រុមការងារគណបក្ស​ចុះមូលដ្ឋានក្រុង-ស្រុក ប្រធាននិងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​​​ឃុំ-សង្កាត់ និងក្រុមការងារតាមវិស័យ ព្រមទាំង​​គណៈកម្មាធិការគណបក្សស្រុក ក្រុង ​ឃុំ សង្កាត់ សរុបប្រមាណជាង ៥០០រូប។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅ​ភារកិច្ចឆ្នាំ២០២៦ ដែលបានដាក់ចេញដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល​គណបក្ស ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល។ ឯកឧត្តម វង្សី វិស្សុត ក៏បានសម្តែង​ការកោត​សរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្ស​ចុះមូលដ្ឋាន ទាំងក្រុមការងារខ្សែបណ្ដោយ ទាំងក្រុមការងារខ្សែទទឹង និងគណបក្សនៅមូលដ្ឋាន ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវវឌ្ឍនភាព​និងសមិទ្ធផលជាច្រើនជូនប្រទេសជាតិ និងប្រជាជនខេត្តកំពង់ធំ ដោយម្ខាងបានចូលរួមជាកម្លាំងសាមគ្គីភាពនិងឯកភាពជាតិរឹងមាំ​ទប់ទល់នឹងសង្រ្គាមឈ្លានពានរបស់ថៃ និងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរយុទ្ធជនពលី វីរយុទ្ធជនរងរបួស ប្រជាជនភៀសសឹក និងពលករដែលត្រលប់​ពីប្រទេសថៃ និងម្ខាងទៀតធានាស្ថិរភាព សន្តិសុខ អភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហាប្រឈម បញ្ហាសេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃ ការងារ មុខរបរ ប្រាក់ចំណូល ការប្រកប​អាជីវកម្ម ការបង្កើនគុណភាពនិងប្រសិទ្ធភាពនៃសេវាសាធារណៈ បញ្ហាសមធម៌និងយុត្តិធម៌​សង្គម ព្រមទាំងការកសាងនិងពង្រឹងគណបក្ស សំដៅសម្រេចនូវចក្ខុវិស័យ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «លែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍» ក៏ដូចជាចក្ខុវិស័យ «ប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា» ដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ។

ឯកឧត្ដម វង្សី វិស្សុត បានលើកឡើងថា សណ្ដាប់ធ្នាប់ពិភពលោកកំពុងបែកបាក់ ហើយសណ្ដាប់ធ្នាប់ដោយផ្អែកលើប្រព័ន្ធអន្តរជាតិមួយ ដែលហៅថាពហុភាគីនិយម ដោយផ្អែកទៅលើច្បាប់អន្តរជាតិបង្កើតដោយប្រទេសមហាអំណាចធំៗ ក្នុងរយៈពេល៨០ឆ្នាំបន្ទាប់ពីសង្រ្គាមលោកលើកទី២ ក្នុងការកំណត់វិធាននៃទំនាក់ទំនង​អន្តរជាតិ ការទូត ពាណិជ្ជកម្ម និងទំនាក់ទំងរវាងប្រជាជននិងប្រជាជន ដោយរួមទាំងការដោះស្រាយទំនាស់រវាងរដ្ឋនិងរដ្ឋ បានធ្លាក់ចុះខ្សោយ។ ទន្ទឹមនេះ យន្តការនិងតួនាទីរបស់ស្ថាប័នសកល និងអង្គការអន្តរជាតិធំៗ ដូចជា UN ICJ ICC WTO WB មជ្ឈត្តការអន្តរជាតិ និងអង្គការថ្នាក់តំបន់ ដូចជា ASEAN ជាដើម ហាក់លែងសូវមានប្រសិទ្ធភាព ឬឥទ្ធិពលដូចមុន។ លើសពីនេះទៀត ពិភពលោកក៏កំពុងតែស្ថិតក្នុងដំណាក់កាលដែលសណ្ដាប់ធ្នាប់​ថ្មី​មិនទាន់កើតឡើង ក្នុងខណៈដែលប្រទេសខ្លាំងរំលោភប្រទេសខ្សោយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ប្រការនេះ បានធ្វើឱ្យប្រទេសតូច ទន់ខ្សោយ និងត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិដូចកម្ពុជាយើង ពិបាកពឹងពាក់ដូចមុនទៀត និងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់​ ព្រមទាំងគំរាមកំហែងដល់អត្ថិភាពរបស់ជាតិយើង។

ឯកឧត្ដម វង្សី វិស្សុត បានគូសបញ្ជាក់បន្តថា មូលហេតុនៃសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា គឺដោយសារបញ្ហាផ្ទៃក្នុងថៃដែលកំពុងបែកបាក់ និងបញ្ហាមួយចំនួនទៀត ដូចជាអសមធម៌សង្គមជាដើម ពិសេសការយកកម្ពុជាធ្វើជាកម្មវត្ថុនៃការពង្រឹងអំណាចរវាងស្ថាប័នយោធា និងរដ្ឋាភិបាលស៊ីវីល ដែលកំពុងដណ្តើមអំណាចនិងប្រជាប្រិយភាពគ្នា។ តែទោះបីយ៉ាងណាក៏ដោយ សង្រ្គាមនេះក៏មានឫសគល់រាប់រយឆ្នាំមកហើយ និងក៏ជាសង្រ្គាមវប្បធម៌ផងដែរ ដោយសារថៃមានមហិច្ឆតាចង់បានទឹកដីកម្ពុជារហូតមក និងចង់ធ្វើជាម្ចាស់នៃវប្បធម៌ខ្មែរ។ ថៃបានឆ្លៀតឱកាសដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងបែកបាក់ និងច្បាប់អន្តរជាតិចុះខ្សោយ រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ចំពោះមុខស្ថានភាពដ៏ស្មុគស្មាញនេះ ទាមទារឱ្យយើងត្រូវបន្តខិតខំកសាងនិងអភិវឌ្ឍជាតិឱ្យកាន់តែខ្លាំងក្លាលើគ្រប់វិស័យ ដោយចាត់ទុកស្ថានការណ៍នេះជាប្រក្រតីថ្មីមួយទៀត (New Normal) និងត្រូវចេះរៀនរស់នៅជាមួយបញ្ហានេះ ដើម្បីបន្តរួមគ្នាចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ជាតិ កុំឱ្យដាច់សង្វាក់ និងកាន់តែរស់រវើកឡើង។ ដូច្នេះ យើងត្រូវពង្រឹងកម្លាំងសាមគ្គីជាតិជាធ្លុងមួយ ឯកភាពជាតិ និងត្រូវមានវិន័យ ចៀសវាងការចាញ់ឧបាយកលនិងសង្គ្រាមចិត្តសាស្ត្របំបែកបំបាក់ផ្ទៃក្នុង ហើយត្រូវរួមសហការ​គ្នាជាកម្លាំងតែមួយ ទាំងរដ្ឋាភិបាល កងទ័ព និងប្រជាជន ជាមួយនឹងការប្តេជ្ញាចិត្តឱ្យលើសពីធម្មតា ចេះហ៊ានឈឺឆ្អាល ចែករំលែក និងលះបង់ឱ្យលើសពីធម្មតា ក្រោមការដឹកនាំរបស់ សម្តេចតេជោ និង សម្ដេចធិបតី ដើម្បីថែរក្សាការពារអត្ថិភាពជាតិ អត្តសញ្ញាណជាតិ និងជំរុញការអភិវឌ្ឍន៍។ ទន្ទឹមនេះ យើងទាំងអស់គ្នារួមគ្នាអនុវត្តឱ្យម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបោសសម្អាតនិងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាឧក្រិដ្ឋកម្មអន្តរជាតិ ដោយត្រូវកំចាត់ដល់ឫសគល់ និងគ្មានការលើកលែងចំពោះអ្នកជាប់ពាក់ព័ន្ធបទល្មើសនេះ ដើម្បីជាប្រយោជន៍ជាតិ សន្តិសុខជាតិ និងអនាគតកូនចៅជំនាន់ក្រោយ ព្រមទាំងកេរ្តិ៍ឈ្មោះប្រទេសជាតិយើង ក៏ដូចជាបង្កើននូវទំនុកចិត្តពីអន្តរជាតិ និងកម្ចាត់យុទ្ធសាស្រ្តរបស់ថៃដែលបានយកបញ្ហានេះ មកធ្វើជាលេសដើម្បីឈ្លានពានកម្ពុជា។

ឯកឧត្ដម វង្សី វិស្សុត ក៏បានផ្ដល់ការណែនាំឱ្យក្រុមការងារចុះមូលដ្ឋាន និងគណបក្សនៅមូលដ្ឋាន ក៏ដូច​ជា​អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តខិតខំអនុវត្តការងារក្នុងស្មារតីបុរេសកម្ម សកម្ម សាមគ្គីភាពខ្ពស់ វេញគ្នាជាធ្លុងមួយ ជាអង្គតែមួយ ដើរលើផ្លូវតែមួយ និងគោលដៅរួមតែមួយ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ធំ ឱ្យបន្តខិតខំបម្រើប្រជាជន​ដោយភាពស្មោះត្រង់ គោរពច្បាប់ ធ្វើអំពើល្អ អំពើត្រឹមត្រូវ ពិសេស​ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវា​គ្រប់ប្រភេទ ទាំងសេវារដ្ឋបាល សេវាសង្គមកិច្ច សេវាធុរកិច្ច សេវាយុតិ្តធម៌ សេវាសន្តិសុខ និងត្រូវ​បន្តផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយសហការជាមួយក្រុមការងារគណៈ​ពង្រឹង​ចុះមូលដ្ឋាន ខិតខំសម្របសម្រួល បង្កលក្ខណៈងាយស្រួលដល់ការ​​វិនិយោគ​ក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាជីវភាពប្រជាជន ព្រមទាំងចេះគិតគូរនិងចែករំលែកដល់អ្នកដែលលំបាក។ ឯកឧត្តមបានបន្តថា ការធ្វើដូចនេះ គឺជាការយកចិត្តទុកដាក់លើប្រជាជន (People-centered policy) ពិតប្រាកដ ហើយពិតណាស់គ្មានកម្លាំងណាមកបំបែកយើងបានទេ និងក៏ជាមូលដ្ឋានគ្រឹះក្នុងការធានាសាមគ្គីភាព និងឯកភាពជាតិ​ផងដែរ។

បញ្ចេញមតិ
អត្ថបទទាក់ទង