ឧបនាយករដ្ឋមន្រ្តីប្រចាំការ​ វង្សី វិស្សុត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

សន្និបាតនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី លោក លី ធុច ទេសរដ្ឋមន្ត្រី លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងពីក្រសួងស្ថាប័ននានាជិត៦០០នាក់។

ថ្លែងក្នុងពិធីបើកសន្និបាតលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា នេះគឺជាលើកទី១ ដែលទីស្តីការគណៈរដ្ឋមន្រ្តីបានជួបជុំគ្នាជាមហាគ្រួសារមួយដ៏ធំ មិនធ្លាប់មានពីមុនមក ដើម្បីរៀបចំសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថាសន្និបាតនេះក៏ជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ ដើម្បីបូកសរុបលទ្ធផល និងវឌ្ឍនភាពការងារដែលសម្រេចបានកន្លងមក ក៏ដូចជាកំណត់នូវបញ្ហាប្រឈម និងសំណូមពរនានា របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអង្គភាពចំណុះទាំងអស់ សំដៅតម្រង់ទិស និងរួមគ្នាពិចារណារកដំណោះស្រាយសមស្រប ក្នុងគោលដៅបំពេញបេសកកម្មការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញ ឱ្យមានគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តទៀតថា «សន្និបាតនេះក៏នឹងផ្តល់​ឱកាសជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ននានា បានស្វែងយល់កាន់តែច្បាស់ អំពីអត្តសញ្ញាណ និងតួនាទីភារកិច្ច នៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជា​សមិទ្ធិកម្មសំខាន់ៗដែលទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះនានាខិតខំសម្រេចបាន ក្នុងរយៈ​ពេលពេញមួយឆ្នាំកន្លងទៅនេះ»។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចផងដែថា ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានបង្កើតនៅក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ដែលមានឋានានុក្រមខ្ពស់ជាងច្បាប់ស្តីពីការបង្កើត ក្រសួងស្ថាប័នផ្សេង ទៀត។ លក្ខណៈពិសេសមួយទៀត គឺទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំដោយនាយករដ្ឋមន្ត្រី ហើយរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីមានតួនាទីគ្រប់គ្រង និងចាត់ចែងការងារទីស្ដីការគណៈរដ្ឋមន្រ្តី។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរនូវចក្ខុវិស័យរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលជា «ស្ថាប័នដែលមានសមត្ថភាពនិងវិជ្ជាជីវៈខ្ពស់ និងមានក្រមសីលធម៌ ក្នុងការបំពេញការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព» និងគុណតម្លៃស្នូលចំនួន៤របស់ទីស្តីការគណៈរដ្ឋមន្រ្តី៖ ទី១.នីតិរដ្ឋនិងការការពារផលប្រយោជន៍សាធារណៈ, ទី២.គុណាធិបតេយ្យ, ទី៣.សាមគ្គីភាពនិងបរិយាបន្ន និងទី៤. វិជ្ជាជីវៈនិងក្រមសីលធម៌។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរ នូវមុខងារ និងតួនាទីភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានកន្សោមមុខងារចំនួន ៣ គឺ៖ ១.មុខងារស្នូ​ល​មានចំនួន ៧ និងមុខងា​រ​​សម្របសម្រួលមានចំនួន ៥ ព្រមទាំងមុខងារគាំទ្រមានចំនួន ៥ ផងដែរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ តាមបណ្តាអគ្គនាយកដ្ឋានជំនាញទាំង១០ ក៏ដូចជាតាមបណ្តាអង្គភាពចំណុះទាំង២៩ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញការងារយ៉ាងសកម្មក្នុងរយៈពេលកន្លងមកនេះ ប្រកបដោយសាមគ្គីភាព​ផ្ទៃក្នុងរឹងមាំជាអង្គតែមួយ និងប្រកបដោយសហថាមពល ដែលបានបង្ហាញថា ទីស្ដីការគណៈរដ្ឋមន្ត្រីកំពុងរីកលូតលាស់ រីកចម្រើន មានថាមពល និងចីរភាពក្នុងការបំពេញបេសកកម្មបម្រើរាជរដ្ឋាភិបាល និងប្រទេសជាតិ ជាពិសេស​​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល។​

ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ម្ខាងទីស្តីការគណៈរដ្ឋមន្រ្តីបានបំពេញនូវមុខងារភារកិច្ចរបស់ខ្លួនជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី និងម្ខាងទៀតបានខិតខំធ្វើការកែទម្រង់ តាមរយៈការរៀបចំផែនការ យុទ្ធសាស្រ្ត, ផែនទីចង្អុលផ្លូវ ការបណ្តុះបណ្តាល និងការវិភាគមុខងារ ព្រមទាំងការរៀបចំប្រព័ន្ធការងារ, រចនាសម្ព័ន្ធស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្តជាដើម។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យអង្គសន្និបាត ចូលរួមស្តាប់ដោយយកចិត្តទុកដាក់ និងចូលរួមផ្តល់មតិយោបល់ឱ្យបានផុលផុស សម្រាប់ជាមូលដ្ឋានក្នុងការដាក់ចេញនូវវិធានការថ្មីៗ សំដៅដោះស្រាយបញ្ហាប្រឈមដែលនឹងត្រូវបានលើកឡើងនៅក្នុងសន្និបាត ដើម្បីឱ្យកិច្ចពិភាក្សាបានផុសផុល ដំណើរការទៅដោយរលូន និងសម្រេចបានលទ្ធផលល្អត្រចះត្រចង់ដូចការគ្រោងទុក៕

បញ្ចេញមតិ
អត្ថបទទាក់ទង