អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ» រវាងក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ ត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ

ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(សាធារណរដ្ឋកូរ៉េ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្ដម ចាង វ៉ុងសាម (CHANG Won Sam) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែឧសភា ឆ្នាំ២០២៤។

កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈនេះ មានគោលបំណងដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ ជាមួយគ្នាទៅវិញទៅមក ស្របតាមតម្រូវការទីផ្សារការងាររបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងផ្សារភ្ជាប់ការបណ្ដុះបណ្ដាលពលករជំនាញទៅនឹងឱកាសការងារទាំងនៅក្នុងប្រទេស និងនៅបរទេស ព្រមទាំងមានការគាំទ្រពលករបន្ថែមក្រោយពេលធ្វើមាតុភូមិនិវត្តន៍៕

បញ្ចេញមតិ
អត្ថបទទាក់ទង