សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» រវាង ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក និង ធនាគារនីហរ័ណ-អាហរ័ណចិន
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ»រវាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៉ីនឡេន វ័រធើវេយ ឯ.ក និង ធនាគារនីហរ័ណ-អាហរ័ណចិន បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ុនឡេន វ័រធើវេយ ឯ.ក ( Funan Techo Coastal-Inland Waterways និងធនាគារនីហរ័ណ-អាហរ័ណចិន (China Exim Bank) បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដែលមានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិកសម្រាប់ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ»។
គម្រោងអនុវត្តតាមរូបភាព សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer – BOT) ដោយ ក្រុមហ៊ុនវិនិយោគឯកជន នេះ មិនត្រឹមតែភ្ជាប់បណ្តាញផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត «របៀងសេដ្ឋកិច្ចថ្មី» ផ្លាស់ប្តូរមុខមាត់កម្ពុជា និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។ តាមរយៈគម្រោងនេះ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីក ចម្រើនយ៉ាងខ្លាំងក្លាតាមបណ្តោយផ្លូវទឹកនេះនាទសវត្សរ៍ខាងមុខ។
គួរបញ្ជាក់ផងដែរថា ពិធីចុះហត្ថលេខានេះត្រូវបានប្រព្រឹត្តទៅ ដោយមានការចូលរួមជាសក្ខីភាពពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. នៅក្នុងវេទិកាសហប្រតិបត្តិការ វិនិយោគអន្តរជាតិ ក្រោមប្រធានបទ «ប្រាជ្ញាសកល, ការពង្រឹងកម្លាំងរួមគ្នាលើការវិនិយោគអន្តរជាតិ និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ» ( Global Wisdom, Mitual Empowerment: International Investment & Cooperation Exchange)
នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន៕



