កម្ពុជាស្វាគមន៍ចំពោះកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់ ក្នុងគោលបំណងពង្រឹងបទឈប់បាញ់

ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជាស្វាគមន៍ចំពោះកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់ ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

កម្ពុជាតែងតែគាំទ្រជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា វិធីសាស្ត្រការទូត និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជាសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងដំណើរការសម្របសម្រួល នាំឱ្យសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ ហើយកម្ពុជាសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តប្រកបដោយសុច្ឆន្ទៈ និងនាំទៅរកសន្តិភាពយូរអង្វែង និងប្រកបដោយចីរភាព។

កម្ពុជាជឿជាក់ថា សន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ា គឺមាន សារៈសំខាន់យ៉ាងខ្លាំង សម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និង វិបុលភាពរួម។ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងជួយស្តារទំនុកចិត្តឡើងវិញ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ សកល និងរួមចំណែកដល់ស្ថិរភាពនៅក្នុងទីផ្សារថាមពលអន្តរជាតិ។

កម្ពុជាលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ បន្តកសាងសន្ទុះវិជ្ជមាននេះ តាមរយៈការសន្ទនាប្រកបដោយ ចីរភាព និងការចូលរួមប្រកបដោយការស្ថាបនា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង នៅមជ្ឈិមបូព៌ា និងក្នុងពិភពលោក៕

អត្ថបទទាក់ទង